ភ្នំពេញ៖ ស្ថានកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប Cyprus ប្រចាំនៅកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា ហៅកាត់ថា (CITA) និងក្រុមហ៊ុន Lanater Limited មកពីប្រទេសស៊ីប ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា និងក្រុមហ៊ុន Lanater Limited ជាច្រើននាក់ នៅជាន់ទី១០ ក្នុងអគារភ្នំពេញថោវវើរ រាជធានីភ្នំពេញ។
ឯកឧត្តម សាឡា អ៊ីសា Salah Essa អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅលើវិស័យឧស្សាហកម្មនាវាទេសចរក្នុងដែនសមុទ្រក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសទូទាំងពិភពលោកផងដែរ។
ឯកឧត្តម សាឡា អ៊ីសា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងក្រសួង-ស្ថាប័នពាក់ពន្ធ័ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការ ដែលការចុះអនុស្សរណៈនេះ គឺជាយុទ្ធសាស្ត្រមួយក្នុងការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍កម្លាំងពលកម្ម និងភាពជាដៃគូអន្តរជាតិ ដោយធានាថាក្រុមហ៊ុន Cypriot ទទួលបានសិទ្ធិក្នុការទទួលបានអ្នកជំនាញដែលមានជំនាញខ្ពស់ និងត្រូវបានបណ្តុះបណ្តាលក្រោមស្តង់ដារឧស្សាហកម្មសកលលើផ្នែកបដិសណ្ឋារកិច្ច។ ក្នុងកិច្ចព្រមព្រៀងនេះ គឺមិនគ្រាន់តែជាកម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ តែក៏ជាការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិអំណាចដល់អ្នកជំនាញជំនាន់ក្រោយ លើកកម្ពស់ស្តង់ដារឧស្សាហកម្ម និងការបង្កើតស្ពានទំនាក់ទំនងដ៏ប្រសើររវាងប្រទេសស៊ីប និងប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ អាជីវកម្ម និងកំណើនសេដ្ឋកិច្ច៕