ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍មួយចំនួនដល់ស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្តការពារឱ្យបានដាច់ខាតនូវខឿនសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដីការពារបាវចនាជាតិ និងរដ្ឋធម្មនុញ្ញ ធានាថែរក្សារឹងមាំនូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ និងទប់ស្កាត់ការបង្កើតកម្លាំងប្រឆាំង ឬក៏កម្លាំងប្រដាប់អាវុធខុសច្បាប់ណាមួយ ខិតខំចាត់វិធានការពង្រឹងសន្តិសុខផ្ទៃក្នុងអោយបានរឹងមាំ ធានាការពារប្រក្រតីភាពនៃដំណើការ និងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ ធានាព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕