ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ “គោលការណ៍ណែនាំ ស្តីពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ជីវ័ន្ត - ២៣ ធ្នូ ២០២៤
image

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី និងក្រសួងក្រសួងសុខាភិបាល ដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) តាមរយៈកម្មវិធីACCESS2 របស់រដ្ឋាភិបាលអូស្រ្តាលី និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន បានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ គោលការណ៍ណែនាំ ស្តីពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្ដិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី នៅសណ្ឋាគារ សាន់&មូន រីវើសាយ (SUN and Moon Riverside Hotel)។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់និងអនុវត្តគោលការណ៍ណែនាំអំពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូ សង្គមស៊ីវិល និងសាធារណជនទូទៅ ។

សូមបញ្ជាក់ជូនថាកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ OSSU គឺជាកន្លែងដ៏មានសារសំខាន់ក្នុងការផ្តល់សេវាជាអាទិភាព ដូចជាសេវាសុខភាព សេវាផ្នែកច្បាប់ សេវាផ្លូវចិត្ត និងជំរកសុវត្ថិភាព ជូនដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយសុវត្ថិភាព ភាពទុកចិត្ត និងទាន់ពេលវេលា។

កម្មវិធីប្រកាសគោលការណ៍ណែនាំជាផ្លូវការនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ប្រមាណ១៥០នាក់ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាក្រុមការងារបច្ចេកទេសអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការជាតិ អន្ដរជាតិ និងមានអ្នកចូលរួមតាមប្រព័ន្ធអនឡាញ (Zoom)។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣