សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ​បើក​សមាជ​​ជ្រើសរើស​ថ្នាក់​​ដឹក​នាំ​អាណត្តិ​ទី៦
ជីវ័ន្ត - ១៩ ធ្នូ ២០២៤
image

រាជធានីភ្នំពេញ ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបើកសមាជរបស់ខ្លួន ដើម្បីជ្រើសរើស និងប្រកាសថ្នាក់ដឹកនាំអាណត្តិថ្មី លើក​​ទី៦  នៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភោជនីយដ្ឋាន ដឹធើរេសធីខេ ក្រោមអធិបតី​​ភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​​ការងារ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហជីព អង្គការសង្គមស៊ីវិល ដៃគូរសមាគមសហការ រួមនិងសមាជិកសមាជិការសហជីពជាច្រើនរូប​​

ក្នុងអណត្តិទី៦នេះដែរ លោក គឹម ចាន់សំណាង ត្រូវបានជ្រើសរើស និងប្រកាសជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សម្រាប់អណត្តិថ្មី ដែលត្រូវជំនួសតំណែង លោក សួង ហួត អតីតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា អណត្តិទី៤ និងទី៥។

លោក សួង ហួត បានលើកឡើងថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដើរតួរសំខាន់ក្នុងការរក្សាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ការការពារសិទ្ធិប្រយោជន៍ជូនកម្មករនិយោជិត, ការចូលរួមលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។

លោកបានបន្ដថា សមិទ្ធផលដែល សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) សម្រេចបាន, ការរៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់, សកម្មភាពការងារទាំងក្នុងរោងចក្រ សហគ្រាស, ក្នុងការងារគណបក្ស, កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ, និងការដាក់ចេញនូវទិសដៅការងារបន្ត, ព្រមទាំងការប្តេជាចិត្តរបស់ ថ្នាក់ដឹកនាំ NACC បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីភាពរីកចម្រើន, ការយកចិត្តទុកដាក់, ទំនួលខុសត្រូវ, និងភាពចាស់ទុំក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំ NACC និងមានការចូលរួមយ៉ាងសកម្មរបស់អស់លោក លោកស្រី សមាជិក សមាជិការ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ  បានចូលរួមអបអរសាទរចំពោះ លោក គឹម ចាន់សំណាង ដែលត្រូវបានថ្នាក់ដឹកនាំ រួមនិងសមាជិកសហភាពសហជីព ទុកចិត្ត និងជ្រើសរើសជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សម្រាប់អណត្តិថ្មី ដើម្បីដឹកនាំសមាជិកសមាជិការ ឲ្យកាន់តែរីកចម្រើន និងអភិវឌ្ឍបន្តទៅមុខទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍មួយចំនួនផងដែរ រួមមាន៖ ត្រូវគិតប្រយោជន៍រួមជាធំ មានសាមគ្គីភាពផ្ទៃក្នុងល្អ តាមរយៈការដឹកនាំប្រកបដោយតម្លាភាព ចាត់ចែងការងារច្បាស់លាស់ ដើម្បីភាពរីកចម្រើនរួមរបស់អង្គភាព និងដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ ។ ពង្រឹងការផ្សព្វផ្សាយដល់កម្មករនិយោជិត ដែលជាសមាជិកឲ្យបានយល់ច្បាស់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ព្រមទាំងប្រកាស និងសេចក្តីណែនាំនានា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញ។ ពង្រឹង និងពង្រីកសមាជិកបន្ថែម ដោយពង្រឹងទាំងគុណភាព និងបរិមាណ ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សម្រាប់អណត្តិទី៦ បានប្តេជ្ញាចិត្តថា លោកនឹងខិតខំធ្វើឲ្យកាន់តែប្រសើរឡើងចំពោះសកម្មភាពរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏ដូចជាមានទំនាក់ទំនងល្អជាមួយ ក្រសួងការងារ អង្គការសង្គមស៊ីវិលផ្សេងៗ ដើម្បីការអភិវឌ្ឍឲ្យមានប្រសិទ្ធភាពជាងមុន ហើយ NACC ក៏ប្តេជ្ញាចិត្តក្នុងការរៀបចំឲ្យមាការចូលរួមពីបងប្អូនកម្មករកម្មការិនី ពាក់ព័ន្ធការបណ្តុះបណ្តាលនូវជំនាញផ្សេងៗ ជាពិសេស ក្រសួងក៏មានគោលនយោបាយសម្រាប់ផ្តល់នូវជំនាញជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាបងប្អូនកម្មករកម្មការិនីដើម្បីឲ្យពួកគាត់មានជំនាញផ្សេងៗ ក្នុងការចូលរួមពង្រីកនូវមុខរបរក៏ដូចជាការបង្កើននូវជីវភាពរបស់ពួកគាត់ផងដែរ ។ លោកបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានលើកទិសដៅពាក់ព័ន្ធនិងការបង្កើននូវកិច្ចសហប្រតិបត្តិល្អរវាងសហជីព ក៏ដូចជាបងប្អូនកម្មករ និយោជក ដើម្បីឲ្យស្របទៅតាមទិសដៅរបស់សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមពាក្យស្លោកមួយឃ្លាថា សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣