ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង និងសមិទ្ធផលមួយចំនួន នៃសាលាបឋមសិក្សា គីឡូ៦៦ ស្ថិតនៅ ខេត្តក្រចេះ
ជីវ័ន្ត - ១២ ធ្នូ ២០២៤
image

ក្រចេះ៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សា ផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ  និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៣បន្ទប់ និងសមិទ្ធផលមួយចំនួន នៃសាលាបឋមសិក្សា គីឡូ៦៦ ស្ថិតនៅភូមិជូនមាស២ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គង់ គឹមនី អភិបាលរង តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជនជប៉ុន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផងដែរ។

ថ្លែងក្នុងពិធីនេះឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលមួយចំនួន នៃសាលាបឋមសិក្សា គីឡូ៦៦ នេះ។

ឯកឧត្តមបណ្ឌិតថ្លែងបន្តថា៖ នៅខេត្តក្រចេះយើងនេះ កន្លងមកតាមរយៈ ឯកឧត្តមផ្ទាល់ លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោក ហ៊ន់ ស៊ាងហុង ប្រធានអង្គការ TDO បាននាំសប្បុរសជនជប៉ុនមកជួយសាងសង់អគារសិក្សាបានចំនួន ២៦ ខ្នង ស្មើនឹង ៤៩ បន្ទប់ បណ្ណាល័យ ២ ខ្នង តារាងបាល់ទាត់ ១ និងបន្ទប់ទឹក ៧ បន្ទប់ សរុបជា ថវិកា ៩៣ម៉ឺន ៤ពាន់ ៧៥០ដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិត បានរំលឹកថា៖ សាលាបឋមសិក្សាគីឡូ ៦៦ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានរួមគ្នាបង្កើតឡើងនៅឆ្នាំ២០០២ មានអគារ ១ ខ្នង ៣ បន្ទប់ សាងសង់អំពីឈើ ប្រក់សង្ក័សី មានសិស្សចូលរៀនចំនួន ៤៥ នាក់ មានគ្រូបង្រៀន ២ នាក់។ ក្នុងរយៈពេលកន្លងមកនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយកសាលា គណៈ គ្រប់គ្រងសាលា អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភពីសមាគមខ្មែរឥស្លាម និង សប្បុរសជន សាលាបឋមសិក្សាគីឡូ ៦៦ មានការរីកចម្រើនជាបន្តបន្ទាប់ ។ រហូតដល់ឆ្នាំ២០២៤ ដោយមានការគាំទ្រពីឯកឧត្តមបណ្ឌិត លោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធាភិសិរី ចរិយា ហ៊ុន ប៊ុនធឿន និងតាមរយៈលោក ហ៊ន់ ស៊ាងហុង ប្រធានអង្គការ TDO លោក អៃជីគេន បាងគីន (Aichiken Bankin) តំណាងអង្គការខ្មែរសតវត្សទី២១ និង លោក អូណូដេរ៉ា ស៊ូ នីជិ (Onodera Shunichi) តំណាងសប្បុរសជនជប៉ុន ព្រមទាំងសហការី បានជួយសាងសង់ អគារសិក្សា ១ខ្នង មាន ៣បន្ទប់ អណ្តូងទឹកប្រើស្អប់ ១ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រើប្រាស់ ដែលគិតដល់ពេលនេះ សាលាបឋមសិក្សាគីឡូ៦៦ សិស្សបានកើនដល់ ១១០ នាក់ សិស្សស្រី ៥១ នាក់ និងមានគ្រូបង្រៀនចំនួន ៣ នាក់។ ទាំងនេះគឺជា សមិទ្ធផលថ្មី មានតម្លៃជាប្រវត្តិសាស្ត្រនៅ ឃុំស្រែចារ ដែលយើងទាំង អស់គ្នាត្រូវថែរក្សាឲ្យបានគង់វង្សយូរអង្វែង ឲ្យកូនចៅ សិស្សានុសិស្ស បានរៀនសូត្រ និងប្រើប្រាស់បានច្រើនជំនាន់ទៀត សមដូចពាក្យស្លោកបានពោលថា ការ

 

អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ

ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ត្រូវចេះថែរក្សាអគារសិក្សាថ្មី និងសមិទ្ធផលទាំងនេះឲ្យបានល្អ ដើម្បីប្រើប្រាស់ឲ្យបាន យូរអង្វែង បោសសំអាត រក្សាអនាម័យជាប់ជាប្រចាំ​ដើម្បីផាសុកភាព និងបរិស្ថានល្អ ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាធនធានមនុស្ស ជាទំពាំងស្នងឫស្សី បន្តវេនដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សជំនាន់ក្រោយៗទៀត។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង សូមប្រសិទ្ធិពរជ័យប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ក្រុមការងារ សប្បុរសជនជប៉ុន លោកតា លោកយាយ លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់សូមសម្រេចបាននូវពុទ្ធ ពរ៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣