នាព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។