ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតកូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើសនិងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី
ជីវ័ន្ត - ២៧ វិច្ឆិកា ២០២៤
image

ក្នុងឱកាសទទួលជួប ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីកូរ៉េ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ឯកឧត្តម Park Jung-Wook បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងសធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងការការពារនឹងការឆបោកក្នុងរូបភាពផ្សេងៗ ដែលជាបញ្ហាប្រឈមធ្វើឱ្យពលរដ្ឋទទួលភាពរងគ្រោះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឯកភាពលើចំណុចនេះ និងបានស្នើទៅភាគីកូរ៉េ តាមរយៈឯកឧត្តម Park Jung-Wook បន្តជួយ ឧបត្ថម្ភគាំទ្រក្នុងការជួយបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងបន្ថែមនៃការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមក្រសួងមហាផ្ទែ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងការទូត ក្នុងរយៈពេលដ៏យូរអង្វែងជាងបីទសវត្សរ៍ ដោយបាននាំមកនូវសមិទ្ធផលជាច្រើន បម្រើដល់ការអភិវឌ្ឍរីកចម្រើននៃប្រទេសទាំងពីរ។

ឯកឧត្តម Park Jung-Wook ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត មកកាន់កម្ពុជា និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣