ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ជីវ័ន្ត - ២៣ តុលា ២០២៤
image

វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំអាគារ "ឃ"សាលាខេត្ត ដែលពិធីបើកនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

វត្តមានអញ្ជើញចូលរួមក្នុងវេទិការនេះរួមមាន ៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ/អង្គភាព ចំណុះសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងបីប្រភេទ លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកអភិបាល ក្រុង/ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុង/ស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង/ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងស្មៀន ឃុំ សង្កាត់ ប្រធានសមាគមន៍ក្រុមប្រឹក្សាមូលដ្ឋានខេត្ត អង្គការសង្គមស៊ីវិលក្នុងខេត្តសរុប៣៥២នាក់ ។

មានប្រសាសន៍ទៅកាន់វេទិការនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវទាំងក្នុងការដឹកនាំសម្របសម្រួល ការអនុវត្ត ការចូលរួម និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងខេត្តស្វាយរៀងរបស់យើងឲ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរ ដែលជំរុញឲ្យកម្មវិធីកំណែទម្រង់ដ៏មានសារៈសំខាន់នេះ មានការវិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយតាមដំណាក់កាលនីមួយៗរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របតាមចក្ខុវិស័យ គោលបំណង និងគោលដៅនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមបន្តថា ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាល បានសម្របសម្រួល ដើម្បីពង្រីកដំណើរការកំណែទម្រង់នេះ នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាមួយការចាប់ផ្តើមអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលទាំងនោះ ចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ២០០៩មក ។ ការធ្វើកំណែទម្រង់នេះ បានផ្តោតទៅលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺភាពជាតំណាង ការចូលរួម ការឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព នីតិរដ្ឋ បរិយាប័ន្ន និងសមធម៌សង្គម ។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា ជាកាតពិតណាស់ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ កន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្ដល់សេវាជូនប្រពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣