នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន២០០គ្រឿងដល់គ្រួសារដែលកំពុងជួបការខ្វះខាត។ បច្ចុប្បន្ន ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០ គ្រួសារ ក្នុង២៧ភូមិនៃស្រុកកំពង់ត្រឡាច។ ដោយសារស្ថានភាពខ្វះខាត ពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ។ ការឧបត្ថម្ភនាឡិកាទឹកនេះនឹងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋចំនួន២០០គ្រួសារបន្ថែមទៀតអាចភ្ជាប់បណ្តាញទឹកស្អាតរបស់ក្រុមហ៊ុន។ នៅក្នុងពិធីប្រគល់ជានិមិត្តរូប ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាល និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រើប្រាស់ទឹកស្អាត ផលិតនិងកែច្នៃម្ហូបអាហារដោយប្រើប្រាស់ទឹកស្អាត ចូលរួមថែរក្សាហេថារចនាសម្ព័ន្ធទឹកស្អាត និងរាយការណ៍ពីការលេចធ្លាយនានា ដើម្បីកាត់បន្ថយការបាត់បង់ទឹក។