ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន
ជីវ័ន្ត - ១០ តុលា ២០២៤
image

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ មួយរយៈសិន ដោយបញ្ជាក់ក្នុងន័យដើមថា«ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ជាន់ហ្រ្វាំងផ្អាកមួយរយៈ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នោះទេ ពីព្រោះឆ្លងកាត់ការអនុវត្ត រយៈពេល ១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជា៖ ស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង។ គាំទ្រនិងពេញចិត្ត ក៏ព្រោះតែរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធាន គ.ជ.អ.ប. បានផ្ទេរមុខងារជាង ៨០០ប្រភេទ ជាបន្តបន្ទាប់ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ជាក់ស្ដែងយន្តការច្រកចេញចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ មានតម្លាភាពនិងគុណភាព។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់ងាយៗអំពីភាពចាំបាច់ដែលរាជរដ្ឋាភិបាល ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញលើការងារមួយចំនួន ជាក់ស្ដែងមានមុខងារផ្ទេរទៅខ្លះ កំពុងស្ថិតក្នុងស្ថានភាពខ្វះមន្រ្តីបច្ចេកទេស អនុវត្តនៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ឱ្យបានសមស្រប។ ជាក់ស្ដែងសិក្ខាសាលានៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពធនធានមនុស្សផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្ថែមថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក៏កំពុងពិនិត្យមើលបន្ថែមលើប្រភេទសេវាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ មានតម្រូវការ ដើម្បីឈានទៅផ្ទេរ ឬកែសម្រួលឱ្យបានកាន់តែល្អប្រសើរ និងចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ៕


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣