មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកដើម្បីលើកកម្ពស់សេវាមន្ទីរពិសោធន៍
ជីវ័ន្ត - ២១ កញ្ញា ២០២៤
image

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក នៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធីនេះផ្តោតលើការពង្រឹងជំនាញ និងវិជ្ជាជីវៈរបស់បុគ្គលិកមន្ទីរពិសោធន៍ ខណៈដែលស្ថាប័ននេះត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយទទួលបាននូវស្វ័យភាពកាន់ខ្ពស់ ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖​ កំណែទម្រង់នេះទាមទារឱ្យមន្ទីរពិសោធន៍ជាតិធ្វើប្រតិបត្តិការ ប្រកបដោយគណនេយ្យភាព សំដៅលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងកំណើន។

ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូរផ្នត់គំនិត ព្រមទាំងជំរុញឱ្យមន្ទីរពិសោធន៍អនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ និងប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្ម។ ឯកឧត្តមបានបន្ថែមថា ការធ្វើដូច្នេះ នឹងជួយមន្ទីរពិសោធន៍ជាតិឱ្យបណ្តុះវប្បធម៌នៃការទទួលខុសត្រូវ កិច្ចសហការ និងការអភិវឌ្ឍវិជ្ជា ជីវៈនៅគ្រប់កម្រិតក្នុងស្ថាប័ន ដែលធានាថា មន្ទីរពិសោធន៍បំពេញបេសកកម្មរបស់ខ្លួនក្នុងស្មារតីសហគ្រិនភាពខ្ពស់។

មន្ទីរពិសោធន៍ជាតិនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ក្នុងការគាំទ្រឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញរបស់កម្ពុជា។ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ មន្ទីរពិសោធន៍ជាតិមានគោលបំណងពង្រឹង និងពង្រីកសេវារបស់ខ្លួន កាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តផលិតផលនៅក្រៅប្រទេស ដែលនឹងជួយវិស័យឯកជនក្នុងស្រុកឱ្យអនុលោមតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវនៃទីផ្សារអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាជារួម។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣