សហជីពធំៗនៅកម្ពុជា ប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតចំនួន ២០៨ ដុល្លារ
ជីវ័ន្ត - ២០ កញ្ញា ២០២៤
image

រាជធានីភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជា នៅថ្ងៃទី ១៩ កញ្ញាឆ្នាំ ២០២៤ បានប្រកាសគាំទ្របន្តបន្ទាប់ ក្រោយពីមានសេចក្តីសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៥ ចំនួន ២០៨ ដុល្លារក្នុងមួយខែ ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានថ្លែងថា លោក និងសមាជិកសហជីពផ្សេងទៀតបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងនេះ ដោយប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនដល់កម្មករនិយោជិត ព្រមទាំងបន្តជំរុញឱ្យមានបរិយាកាសវិនិយោគនិងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។ លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ឋបន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតទាំងអស់ ដើម្បីធានានស្ថេរភាពការងារ និងការវិនិយោគនៅកម្ពុជា ។

លោក ហ្វា សាលី បានបញ្ជាក់ថា៖«បើទោះបីជាការដំឡើងប្រាក់ឈ្នួលមិនបានច្រើនលើសលុបទៅតាមនូវអ្វីដែលកម្មករចង់បាន ប៉ុន្ដែយើងនៅតែសាទរចំពោះការដំឡើងនេះ វាជាចំណុចវិជ្ជមាន និងជាឆន្ទៈក្នុងការជួយសម្រួលដល់ជីវភាពកម្មករពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានប្រឹងប្រែងយ៉ាងខ្លាំងដែលជំរុញឱ្យមានយន្តការចរចាប្រាក់ឈ្នួលប្រចាំឆ្នាំបែបនេះ»ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បាននិយាយថា ក្នុងនាមលោកតំណាងឱ្យកម្មករនិយោជិត ហើយក៏ជាសមាជិកចូលរួមក្នុងការចរចាឈ្នួល បានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការនៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលជាយន្តការត្រីភាគីតាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោក ក៏ដូចជាសមាជិកសហជីពផ្សេងទៀតបានសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស វិជ្ជាជីវៈ និងមានលក្ខណៈវិទ្យាសាស្ត្រ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារ (ILO) បានកំណត់។
ប្រធានសហជីពរូបនេះបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួលរបស់កម្មករនិយោជិត គឺជាកំណើនប្រាក់ចំណូលរបស់កម្មករយើងយ៉ាងពិតប្រាកដដែលនឹងជួយសម្រួលដល់ជីវភាពពួកគាត់ ជាពិសេសប្រាក់ធ្វើការថែមម៉ោងរបស់ពួកគាត់ក៏នឹងកើនឡើងទៅតាមនោះដែរ»

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣