ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប់
ជីវ័ន្ត - ១៧ កញ្ញា ២០២៤
image

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺត្រូវតែធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗ ត្រូវតែបន្តសិក្សាស្រាវជ្រាវ ទាំងទ្រឹស្ដី និងបទពិសោធបន្ថែម ភ្ជាប់នឹងការងារជាក់ស្ដែង ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់អង្គភាព ស្របតាមការវិវត្តរីកចម្រើនរបស់សង្គម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន ៤ ដែលរួមមាន៖ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្តិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការងារសន្តិសុខ ជាតួនាទីស្នូលដ៏សំខាន់ ព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ក្នុងនោះក៏មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំង និងក្រុមឧទ្ទាមផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ដែរថា ក្រុមប្រឆាំងជ្រុលនិយម បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែបានបរាជ័យដោយសារកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។

ភ្ជាប់នឹងការងារសន្តិសុខនេះដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម ព្រោះជាក់ស្ដែងណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោឃៅ រហូតថ្មីៗនេះមានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។

ដោយឡែកពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្រ្តីនរបាលជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រង់មុំធនធានមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហើបឱ្យដឹងថា សព្វថ្ងៃមានមន្រ្តីនគរបាលកម្ពុជា ចំនួន ៨រូប កំពុងតែសិក្សានៅប្រទេសតួកគី ដែលចំនួននេះ នឹងកើនឡើងទ្វេដងនៅឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះ សិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័យបានត្រឹមត្រូវ។

យោងតាមរបាយការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងបួនវគ្គនេះ មានសិក្ខាកាមជាមន្រ្តីនគរបាលជាតិ ចូលរួមចំនួន ៥០៦នាក់ ក្នុងនោះសិក្ខាកាមទទួលបានជ័យលាភី មានជាង ៤០០នាក់ ដោយសាលា បានធ្វើមូលវិចារអំពីការគោរពវិន័យរបស់សិក្ខាកាមម្នាក់ៗ គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ។

 

តំណាងសិក្ខាកាមជ័យលាភី បានឡើងគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលផ្ដល់គោលការណ៍និងដឹកនាំឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញទាំង៤ និងបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ គោរពអនុវត្តតាមបទបញ្ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អនុវត្តវិន័យនគរបាលជាតិកម្ពុជា និងបន្តស្វ័យសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រីកចំណេះដឹងបម្រើការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣