ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោក ហ្សៀ ហ្សិនមីន (Xia Xinmin) អភិបាលរងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងពិសារអាហារសាមគ្គី នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
ឯកត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានសម្ដែងការស្វាគមន៍ និងអបអរសាទរខួបលើកទី៦៦នៃទំនាក់ទំនងការទូតកម្ពុជា ចិន ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រខេត្តនាទិសនិរតីនៃប្រទេសកម្ពុជា ដែលមានកោះតូចធំ៣២ ឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រ សម្បូរដោយធនធានធម្មជាតិលើគោក និងបាតសមុទ្រ រួមទាំងជីវចម្រុះដ៏សម្បូរបែបជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ ត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក។ ខេត្តព្រះសីហនុជាតំបន់ស្នូលនៃខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ក្នុងនោះមាន ខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថា ឆ្នេរសមុទ្រកម្ពុជា។ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលជំរុញខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឈមណ្ឌលកំណើនជាតិ តំបន់ឧស្សាហកម្ម ភស្តុភារកម្ម និងជាច្រកចេញចូលសំខាន់ក្នុងទីផ្សារអាស៊ាន និងសកលលោក។ រាជរដ្ឋាភិបាលបានរៀបចំផែនមេ ប្រើប្រាស់ដីធ្លី ដោយបង្កើតគណ:កម្មការចំនួនពីរ គឺ៖ ទី១. គណៈកម្មការសម្របសម្រួលរៀបចំផែនការមេប្រើប្រាស់ដីធ្លី ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និង ២. គណៈកម្មការបច្ចេកទេសគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីរុញច្រានខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយប្រើប្រាស់យុទ្ធសាស្ត្រចំនួនពីរ៖ ១. គោលនយោបាយដកកញ្ចប់ថវិកាសន្សំរបស់ជាតិ១០០លានដុល្លារសម្រាប់ស្ថាបនាផ្លូវចំនួន១១ខ្សែ និងស្ដារអូរប្រឡាយធម្មជាតិ និង២. គោលនយោបាយស្លឹកត្នោត ខ្ចប់ស្ករត្នោត រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងរូបសំណាកជាច្រើនក្នុងខេត្ត ហើយសមិទ្ធិផលទាំងអស់ដឹកនាំកសាងដោយក្រុមហ៊ុនរបស់ខ្មែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រៅ ត្រូវបានធ្វើការអភិវឌ្ឍជា៣តំណាក់កាល៖ ទី១. ឆ្នាំ២០២៤-២០២៧ មានជម្រៅទឹក១៤,៥០ម៉ែត្រ នាវាចំណុះ ៦ម៉ឺនតោនចូលចត ទី២. ឆ្នាំ២០២៥-២០២៨ ជម្រៅទឹក១៦,៥០ម៉ែត្រ នាវាចំណុះ២ម៉ឺនតោន ចូលចតបាន ទី៣. ឆ្នាំ២០២៦-២០២៩ មានជម្រៅទឹក១៧,៥០ម៉ែត្រ នាវាចំណុះ១៦ម៉ឺនតោនចូលចតបាន។ យើងអាចនិយាយបានថា នាវាតូចធំចូលចតបានរុញខេត្តព្រះសីហនុ ជាតំបន់ភស្តុភារកម្ម។ ខេត្តមានអាកាសយាន្តដានអន្តរជាតិ មានផ្លូវរត់ប្រវែង ៣ ៣០០ ម៉ែត្រ ទិសដៅក្លាយជាច្រកចេញចូលអន្តរជាតិ។ ផ្លូវដែកបច្ចុប្បន្នមានល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលចង់បង្កើនល្បឿនឱ្យបានលឿនថែមទៀត។ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ លោក ហ្សៀ ហ្សិនមីន អភិបាលរងខេត្តជាំងស៊ូ បានអរគុណចំពោះការទទួលស្វាគមន៍ និងអបអរសាទរឯកឧត្តមដែលបានក្លាយជាអភិបាលខេត្តព្រះសីហនុ ដោយមើលឃើញនូវភាពស្រស់ស្អាត ទូរគមនាគមន៍ មានភាពរាក់ទាក់របស់ប្រជាជនកម្ពុជា។ ម្យ៉ាងទៀតរដ្ឋបាលខេត្តព្រះសីហនុបានគាំទ្រដល់កិច្ចសហប្រតិប្តិការលើគ្រប់វិស័យ ព្រមទាំងបានបង្ហាញពីស្ថានភាពខេត្តជាំងស៊ូ ជាខេត្តជាប់សមុទ្រខាងកើត និងស្ថិតនៅតំបន់ដីសណ្តរទន្លេណានសេ។ ម្យ៉ាងទៀត ខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ជាខេត្តជាប់ឆ្នេរសមុទ្រដូចគ្នា។ ខេត្តជាំងស៊ូ មានប្រជាពលរដ្ឋជិត ៨៥លាននាក់ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសស្រមគោលនយោបាយរបស់ឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតីចិន បានយកចិត្តទុកដាក់ការអភិវឌ្ឍខេត្តជាំងស៊ូ ក្នុងការបន្តនាំមុខប្រកបដោយគុណភាពខ្ពស់ ជាគំរូធ្វើទំនើបកម្មតាមបែបចិន មានលក្ខណពិសេសចំនួន៣៖ ១. វិស័យសេដ្ឋកិច្ច វិស័យផលិតកម្មឈរលំដាប់ទីមួយនៅប្រទេសចិន ២. ជាតំបន់ខ្ពង់រាបស្ថិតនៅចំណុចប្រសព្វ (ខ្សែក្រវ៉ាត់ និងផ្លូវ) និង៣. ជាច្រកសំខាន់តភ្ជាប់ទៅកាន់ពិភពលោក។ ខេត្តជាំងស៊ូបានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេស និងតំបន់ចំនួន៦៧។
លោកបានបន្តថា ការខិតខំប្រឹងប្រែងរួមគ្នារវាងខេត្តទាំងពីរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយជាគំរូកិច្ចសហប្រតិបត្តិការ និងក្លាយជាសួនឧស្សាហកម្មអន្តរជាតិដែលជាក្បាលម៉ាស៊ីនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ។ ឆ្នាំ២០២៣ ទំហំទឹកប្រាក់នាំចេញនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរហូតដល់ ៣ ៣៦០លានដុល្លាអាមេរិក កើនឡើងជាង ៣៤ភាគរយ ទិសដៅសម្រាប់ការអនុវត្តបន្តមានចំនួន៣ គឺ៖ ទី១. បន្តជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភាពដៃគូអភិវឌ្ឍគ្រប់ជ្រុងជ្រោយរវាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន កម្ពុជា ២. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំណង់ ប្រព័ន្ធដឹកជញ្ជូន និង៣. រួមគ្នាពង្រឹងទំនាក់ទំនងមនុស្សសាស្ត្រ ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន (ចិន-កម្ពុជា)។ លោកសង្ឃឹមថា ភាគីទាំងពីរបន្តពង្រឹងវិស័យសុខាភិបាល អប់រំ និងទេសចរណ៍ជាដើម នៃកិច្ចសហប្រតិបត្តិការមិត្តភាព ក្នុងបុព្វហេតុចិនកម្ពុជា៕