ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យសិស្សានុសិស្ស ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់គ្រួសារ និងសង្គមជាតិ
ជីវ័ន្ត - ១០ កញ្ញា ២០២៤
image

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ មានសីលធម៌ សុវជីវធម៌ក្នុងសង្គម និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្ស ដ៏មានសក្ដានុពលសម្រាប់គ្រួសារ និងសង្គមជាតិ ស្របពេលប្រទេសជាតិ កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍដែលផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ រួមនឹងលោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកដំណើរការឱ្យប្រើប្រាស់អគារជួសជុល កែលម្អ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច ដែលបានផ្ដល់ការគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកជាមួយរដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលស្រុកកញ្ជ្រៀច ក្នុងការងារលើកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាក់ស្ដែងការចូលរួមជួយជួសជុល និងកែលម្អអគារិក្សានៃសាលាបឋមសិក្សាត្នោត ឱ្យមានភាពល្អប្រសើរឡើងវិញ តាមសំណូមពរប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ រហូតឈានដល់ការដាក់ឱ្យប្រើប្រាស់ឡើងវិញ។

សូមបញ្ជាក់ថា អគារសិក្សានៃសាលាបឋមសិក្សាត្នោត ដែលបានជួសជុល និងកែលម្អឡើងវិញនេះ ជាអំណោយរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម កាលលោកទាំងពីរ នៅមានជន្មាយុ។ ដោយឡែក ក្នុងឱកាសដាក់ឱ្យប្រើប្រាស់អគារសិក្សានេះដែរ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងឯឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣