ឯកឧត្តម កូប រ៉លី បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមសន្និសីទស្តីពី អន្តរសកម្មភាព និងវិធានកសាងទំនុកចិត្តនៅអាស៊ី (CICA) ស្តីពីបញ្ហាបរិស្ថាន
ជីវ័ន្ត - ២៩ សីហា ២០២៤
image

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី របស់លេខាធិការដ្ឋាននៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានកសាងទំនុកចិត្តនៅអាស៊ី (CICA) ស្តីពីបញ្ហាបរិស្ថាន តាមប្រព័ន្ធអនឡាញ Zoom ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន និងធនធានធម្មជាតិនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បី ១-កំណត់ពីអាទិភាពរបស់រដ្ឋសមាជិកCICA ស្ដីពីបញ្ហាបរិស្ថាន ២-លើកកម្ពស់គោលដៅរបស់រដ្ឋសមាជិកCICA ស្ដីពីនិរន្ដរភាព និង៣-ពិភាក្សាពីបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងផ្លាស់ប្ដូរការអនុវត្ដល្អៗលើការងារបន្ស៊ាំ និងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ព្រមទាំងកំណត់ពីមធ្យោបាយនានាដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅក្នុងចំណោមសមាជិកCICA ដែលផ្ដោតលើប្រធានបទសំខាន់ៗ ដូចជា ការបំពុល ការប្រែប្រួលអាកាសធាតុ និរន្តរភាពនៃសេដ្ឋកិច្ចបៃតង ជីវចម្រុះ និងទឹកស្អាត។

ថ្លែងនៅក្នុងសន្និសីទនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ថ្មីៗនេះ ក្រសួងបរិស្ថានកម្ពុជាបានចូលរួមកិច្ចប្រជុំ ស្តីពីការឆ្ពោះទៅសង្គមបញ្ចេញឧស្ម័នស្មើសូន្យ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយឯកឧត្តម Cheong In-kyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះមានបំណងរួមចំណែកដល់ភាពជោគជ័យនៃយុទ្ធសាស្ដ្រ ភាពស្អាត បៃតង និងនិរន្តរភាព ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា ប្រទេសកម្ពុជាបាននិងកំពុងអនុវត្តផែនការបច្ចុប្បន្នភាពការរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (the Updated NDC) ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងបង្ហាញពីការបន្ស៊ាំនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាមួយដៃគូពាក់ព័ន្ធ អ្នកនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចនានា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយក្រសួងបរិស្ថានកំពុងរៀបចំ និងធ្វើបច្ចុប្បន្នភាពលើផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) 2024-2033 ដែលស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការចូលរួមរបស់ក្រសួងបរិស្ថានកម្ពជា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក, យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន, យុទ្ធនាការដាំកូនឈើយ៉ាងតិច ឱ្យបាន១លានដើមក្នុងមួយឆ្នាំ ដោយចែកកូនឈើទៅដល់សាធារណជនដោយមិនគិតថ្លៃ សម្រាប់ដាំនៅទូទាំងប្រទេស ដើម្បីពង្រីកគម្របព្រៃឈើឱ្យបាន៦០% ក្នុងឆ្នាំ២០៥០ និងដើម្បីស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។

ជាលទ្ធផល បណ្ដារដ្ឋសមាជិកCICA ទាំង២៧ប្រទេស បានគាំទ្រនិងអនុម័តលើសេចក្ដីថ្លែងការណ៍របស់លេខាធិការដ្ឋាននៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានកសាងទំនុកចិត្តនៅអាស៊ី (CICA) ស្តីពីបញ្ហាបរិស្ថាន៕

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣