ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវ គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តស្រុកអង្គបូរី និងក្រុងដូនកែវ
ជីវ័ន្ត - ២៦ សីហា ២០២៤
image

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវគម្រោងព្រែកជីកហ្វូណនតេជោ តាមផ្លូវទឹកព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី ស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជាវៀតណាម ដែលស្ថិតក្នុងភូមិសាស្រ្តដែនទឹកស្រុកអង្គរបូរី និងតាមប្រឡាយលេខ១៥ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងគ្រោងសាងសង់ទ្វារទឹកនាវាចរណ៍ ត្រង់ទំនប់អូរតុំផងដែរ ។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា រួចមក ដើម្បីចូលរួមធ្វើអោយដំណើរការនៃការសាងសង់ប្រព្រឹត្តិទៅដោយរលូន ថ្ងៃនេះក្នុងនាមគណៈកម្មការរៀបចំការសាងសង់ បានដឹកនាំ មន្រ្តីជំនាញ រួមនឹងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អញ្ជើញចុះពិនិត្យមើលទីតាំងតម្រាយផ្លូវ ផលប៉ះពាល់ និងកំណត់វាស់វែងផែនទីសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោចេញពីស្រុកកោះធំ ដែលឆ្លងកាត់មកស្រុកអង្គរបូរី និងស្រុកចំនួន ៤ទៀត ក្នុងខេត្តតាកែវរហូតដល់ កំពត និងខេត្តកែប ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា ខេត្តតាកែវជាខេត្តមានសំណាង ដែលព្រែកជីកហ្វូណនតេជោ ឆ្លងកាត់វែងជាងគេគឺប្រមាណជិត ៦០គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន០៥ រួមមាន៖ ស្រុកអង្គរបូរី ព្រៃកប្បាស ក្រុងដូនកែវ ស្រុកទ្រាំង និងស្រុកគិរីវង់ មានឃុំចំនួន២០ និង ភូមិចំនួន ៦៧ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៏បានស្នើរដល់មន្រ្តីជំនាញត្រូវកំណត់ទីតាំងតម្រាយផ្លូវ និងផែនទីអោយច្បាស់លាស់ជាក់លាក់ ដើម្បីអាជ្ញាធរខេត្ត រួមនឹងមន្រ្តីពាក់ព័ន្ធងាយស្រួល សម្របសម្រួល ដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរស់នៅចំនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីចូលរួមធ្វើយ៉ាងណា អោយការសាងសង់ព្រែកជីកប្រវត្តិសាស្រ្តមួយនេះ ទទួលបានជោគជ័យសម្រាប់បម្រើដល់វិស័យដឹកជញ្ជូន ទេសចរណ៍ និងកសិកម្ម ដើម្បីជួយដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕ ដោយ មន្ទីរព័ត៌មានខេត្តតាកែវ

 
Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣