ភ្នំពេញ៖ ពិធីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR របស់ក្រុមហ៊ុន វ័នរ៉ូដគ្រុប ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ កម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូរសហការ រួមនិងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។
ក្នុងពិធីនេះ លោក ជាំង ជៀកហ្វឹង (Chen Lingjun) ជានាយកផ្នែកគ្រប់គ្រងក្រុមហ៊ុន ZEEKR ប្រចាំប្រទេសក្នុងតំបន់អាស៊ាន បានថ្លែងថា៖ លោកមានកិត្តិយសក្នុងការចែករំលែកអំពីក្រុមហ៊ុន និងគុណតម្លៃ និងសារៈ សំខាន់នៃការចូលទីផ្សារកម្ពុជា ទៅកាន់ភ្ញៀវកិត្តិយសទាំងអស់ឱ្យបានជ្រាប។
លោកបានឲ្យដឹងថា ZEEKR គឺជាម៉ាកយីហោថ្មីមួយ ការរចនាបថរបស់ ZEEKR គឺប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យថ្មីសម្រាប់ការធ្វើដំណើរដ៏ប្រណីត។ ចាប់តាំងពីការបង្កើតម៉ាកនេះក្នុងឆ្នាំ 2021
ក្រុមហ៊ុនបានបើកដំណើរការចំនួន 5 ម៉ូឌែល គឺ ZEEKR 001, ZEEKR007, ZEEKR 009, ZEEKR X និង ZEEKR Mix។ ក្នុងវេទិកាស្ថាបត្យកម្មអគ្គិសនីសុទ្ធមួយនេះ បានចំណាយអស់រយៈពេល 5ឆ្នាំ និងការវិនិយោគជាង 20 ពាន់លានយ័ន (RMB) ដែលមានការចរាចរធំមកដល់ពេលនេះ បរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានចំនួនជាង 280,000 គ្រឿង ដែលបង្កើតកំណត់ត្រាសម្រាប់ការចែកចាយលឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន។ លើកនេះ ផលិតផល ZEEKR ទាំងអស់បាននាំមកនូវការរចនាបថយ៉ាងល្អឯក បច្ចេកវិទ្យាទំនើបចុងក្រោយ ប្រភេទផលិតផល និងលក្ខណៈប្រសិទ្ធភាពត្រូវបាននាំចូលក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុនមានទំនុកចិត្តក្នុងការនាំយកបទពិសោធន៍ធ្វើដំណើរ ប្រកបដោយប្រសិទ្ធភាព ភាពងាយស្រួល និងស្រស់បំព្រងបន្ថែមទៀតដល់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា អស់រយៈពេលពាក់កណ្តាលឆ្នាំនេះ ZEEKR បានចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយសម្រាប់ពាក់កណ្តាលឆ្នាំនេះទៀតនឹងត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ។ ជាចុងក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរបស់ ZEEKR គឺ ONEROAD GROUP (CAMBODIA) CO., LTD. ដែលមានបទពិសោធន៍ផ្នែកយានយន្តយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំយកផលិតផល ZEEKR មកកាន់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងរួមគ្នាបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដគ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ជាបន្តបន្ទាប់ ជាពិសេស រថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក ក្នុងនោះក៏មានរថយន្ត ZEEKR នេះផងដែរ។
ឯកឧត្តមជឿជាក់ថា ការមកដល់របស់ ZEEKR នឹងធ្វើទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែប និងចូលរួមជំរុញការអភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់ឱ្យប្រជាជនកម្ពុជា នូវជម្រើស ថ្មីៗ និងប្រកបដោយភាពទំនើបក្នុងការធ្វើដំណើរ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តថា៖ រថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។ ហើយនាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR នេះ ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះការការពារបរិស្ថាន គំនិតច្នៃប្រឌិតថ្មីៗ និងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតផលិតផលមានគុណភាពខ្ពស់ ផ្តល់ឱ្យប្រជាជននូវជម្រើសមធ្យោបាយធ្វើដំណើរប្រកបដោយភាពឆ្លាតវៃ និងបែបផែនបៃតង។ ជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន» ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពី វិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩.០០០កន្លែងនៅឆ្នាំ២០៥០។
កាលពីសប្តាហ៍មុនរាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។
យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយគិតមកដល់ពេលនេះ ការចុះបញ្ជីផ្លូវការមានចំនួនសរុបជិត ៣ពាន់គ្រឿង។
ឯកឧត្តមបញ្ជាក់ថា៖ បើតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ យើងបានទទួលគម្រោងវិនិយោគចំនួន១៩០គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ ៣.២ពាន់លានដុល្លារ និងអាចបង្កើតការងារជិត១៧ម៉ឺនកន្លែង។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមអរគុណចំពោះការនាំយកយានជំនិះប្រើប្រាស់ថាមពលអគ្គិសនីថ្មីទាំងនេះ មកកាន់ប្រទេសកម្ពុជា ហើយសូមអរគុណដល់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប សម្រាប់ការសម្រេចចិត្ត និងមានទំនុកចិត្តលើការវិនិយោគរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ហើយឯកឧត្តមសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន៕