ម្ចាស់គម្រោងអគារជាប់គាំងជាង៩០០ លើជាង ១.០០០អគារ បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង នៅខេត្តព្រះសីហនុ...
Roth - ០១ វិច្ឆិកា ២០២៣
image

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខា ផ្សព្វផ្សាយស្ដីពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ដោយលើកឡើងថា គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដែលបានបើកកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូល និងរកគន្លឹះយ៉ាងស្វិតស្វាញពីអន្តរក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ជាតិ រហូតថ្នាក់ក្រោមជាតិ រួមមានអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ វិធានការជាកញ្ចប់នេះ ក្រុមការងារបានរៀបចំប្រជុំចំនួន ៥ដងរួចមកហើយ និងបានដាក់ចេញនូវផែន ការសកម្មភាពនានាបានយ៉ាងខ្ជាប់ខ្ជួនតាមកាលវិភាគដែលបានកំណត់ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តជាសេនា ធិការបានធ្វើការកំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគការអនុវត្តគម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការជំរុញអនុវត្តយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការជាដើម។

ក្នុងគោល បំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី «វិធានការជាកញ្ចប់» សំដៅចូលរួមធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃ «វិធានការជាកញ្ចប់» ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីចុងខែមីនា ឆ្នាំ២០២៣កន្លងមក។

សិក្ខាសាលានេះដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ និងការចូលរួមពីក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ ពាណិជ្ជករ អាជីវករ និងអ្នកវិនិយោញក្នុងខេត្ត ចូលរួមចំនួន ១៧០នាក់ នៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣។

៉ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីមានការលើកឡើងពីវាគ្មិនក្នុងសិក្ខាសាលារដ្ឋបាលខេត្តបានស្នើសុំគោលការណ៍ រៀបចំដំណើរការបើកឱកាសដើម្បីឲ្យអ្នកមានការពាក់ព័ន្ធមានការទំនាក់ទំនងគ្នាបន្តការដោះស្រាយ ហើយគណៈកម្មការយើងត្រូវដោះស្រាយគ្នាជាក្រុម មិនអាចភាគីណាមួយដោះស្រាយម្នាក់ឯងបាននោះទេ ហើយបើយើងប្រមូលផ្ដុំទាំងអស់គ្នា ដូចនេះក៏ការដោះស្រាយអត់ចេញនោះដែរ ព្រោះរឿងនេះជារឿងស្មុគស្មាញក្នុងការដោះ ដូចនេះដើម្បីឲ្យគណៈកម្មការមានមូលដ្ឋានបន្ត លោកស្នើសុំឲ្យប្រធានគណៈកម្មការឲ្យរដ្ឋបាលខេត្តបង្កើតជាការិយាល័យមួយ សម្រាប់ទទួលសំណូមពរពីបងប្អូនម្ចាស់គម្រោងជាប់គាំងជាង ៩រយ លើអគារជាង ១ពាន់៦០ អាគារ ថាតើម្ចាស់អាគារនីមួយៗមានសំណូមពរ ឬជួបបញ្ហាអ្វីខ្លះ ដើម្បីស្នើដល់គណៈកម្មការក្នុងការដោះស្រាយ ហើយការដោះស្រាយគឺលោកស្នើឱ្យម្ចាស់អាគារមកដាក់ពាក្យនៅការិយាល័យ អ្នកដាក់មុនក្រុមការងារចាំទទួលនិងធ្វើរបាយការណ៍ជូនប្រធានគណៈកម្មការដើម្បីដោះស្រាយ ម្ដងមួយម្ដងមួយអ្នកដាក់មុនដោះមុនអ្នកដាក់ក្រោយដោះក្រោយ ទើបធ្វើឲ្យដំណើរការនេះ ទទួលបានជោគជ័យទៅថ្ងៃខាងមុខ។

 

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី "វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដែលមានធាតុចូលពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ព្រមទាំងការធ្វើបទបង្ហាញគម្រោងផែនការមេប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានវិស័យឯកជន ដើម្បីបង្ហាញពីស្ថានភាពគម្រោងវិនិយោគជាប់គាំង វិស័យអចលនទ្រព្យ និងវិធានការលើក ទឹកចិត្តសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំង និងទិដ្ឋភាពពាក់ព័ន្ធផ្សេងទៀត។

លើសពីនេះ ក៏បានបង្កើនការយល់ដឹង បង្កើនការផ្សព្វផ្សាយ ទាក់ទាញការចាប់អារម្មណ៍ក្នុងចំណោមវិនិយោគិន ធុរជន និងសាព័ត៌មាន បន្តខិតខំផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការនេះឱ្យសម្រេចបានលទ្ធផលផ្លែផ្កា ប៉ុន្តែការងារផ្សព្វផ្សាយ អំពីវិធានការរាជរដ្ឋាភិបាលនៅតែបន្តធ្វើតាមរយៈសកម្មភាព និងមធ្យោបាយជាច្រើន ដោយក្រុមការងារក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធដទៃទៀតរួមទាំងវិស័យឯកជន និងសាព័ត៌មានផងដែរ។

សិក្ខាសាលានាពេលនេះ បានធ្វើការពន្យល់ ស្រាយបំភ្លឺ ពិភាក្សា និងពិនិត្យលើការដោះស្រាយគម្រោងវិនិយោគជាប់គាំងឱ្យបានច្រើន និងមានប្រសិទ្ធភាព ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធដែលមានឆន្ទៈដើម្បីសម្រេចតាមគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា។

សូមរម្លឹកថា ផ្អែកតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនា ខែកញ្ញា ឆ្នាំ២០២៣ គម្រោងសាងសង់នៅខេត្តព្រះសីហនុសរុបមានចំនួន ៩៦៥គម្រោង ស្មើ១.០៦៩អគារ មានទុនវិនិយោគសរុបប្រមាណ ៤.០៥៦.១៥២.១១២ដុល្លារអាមេរិច ក្នុងនោះ គម្រោងផ្អាកការសាងសង់៣៤១ ស្មើនឹង ៣៦៤អគារ គម្រោងកំពុងដំណើរការសាងសង់២៩ ស្មើនឹង ៥៣អគារ គម្រោងសាងសង់រួចពុំទាន់ដំណើរការ១៦១ ស្មើនឹង ១៧៧អគារ គម្រោងសាងសង់រួច និងកំពុងប្រកបអាជីវកម្មមាន៤៣៤ ស្មើនឹង ៤៧៥អគារ៕

ប៊ុនធឿន


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣