ឯកឧត្តមគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាលអញ្ចើញជាអធិបតីភាពក្នុងឱកាសពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលក្រុងតាខ្មៅ
ជីវ័ន - ០៤ កក្កដា ២០២៤
image

ខេត្តកណ្ដាល៖ ឯកឧត្ដមគួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈគឺធ្វើឱ្យបានកាន់តែរហ័សនិងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។ 
ការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការក្រុងតាខ្មៅ នេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលាក្រុងតាខ្មៅ។ 
ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា៖ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ក្រុង សង្កាត់ ឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។ ក្នុងន័យនេះ រដ្ឋបាលក្រុង សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការ គោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈ រូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ »។ 
ជាមួយនេះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុងតាខ្មៅ ត្រូវពង្រឹងរបៀបរបបធ្វើការងារ, ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ត្រូវធ្វើជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃ ក្នុងរដ្ឋបាលរបស់ខ្លួន  ហើយថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការឱ្យបានល្អ, គោរពឋានានុក្រម វិន័យ ការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ។ ទន្ទឹមនេះ ត្រូវបង្កើនទំនាក់ទំនង និងសហការគ្នា ឱ្យបានល្អិតល្មួតក្នុងការបំពេញការងារ និងការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ។ 
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់គណៈបញ្ចាការឯកភាពរដ្ឋបាលក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត។ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៖ ពិសេស សកម្មភាព លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣