ពិធីរំលឹកគុណមាតាបិតា បានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងព្រះវិហារជីតឺ សាខាខេត្តកណ្តាល ក្រោមអធិបតីភាពលោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺ និងមានការអញ្ជើញចូលរួមពីឪពុកម្តាយ និងអាណាព្យាបាលសិស្សានុសិស្ស ជាច្រើនរូបផងដែរ។
ពិធីរំលឹកគុណមាតាបិតា នេះ គឺបង្កើតដើម្បីក្នុងគោលបំណង ឲ្យសិស្សានុសិស្សយល់ដឹង អំពីគុណូបការៈរបស់ឪពុកម្តាយ និងអាណាព្យាបាល ដែលលោកតែងតែធ្វើគ្រប់យ៉ាងដើម្បីកូនៗ ដោយមិនខ្លាចការនឿយហត់។ ឪពុកម្តាយខ្លះសុខចិត្តដើរស៊ីឈ្នួល ធ្វើសំណង់ និងទ្រាំអត់ទ្រាំឃ្លាន លំបាកទាំងកាយទាំងចិត្ត ដើម្បីរកថវិការមកផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ និង ដើម្បីឱ្យកូនៗរបស់ពួកគាត់រៀនសូត្របានខ្ពង់ខ្ពស់មានចំណេះដឹង មានការងារល្អៗធ្វើ កុំឲ្យជួបការលំបាកដូចពួកគាត់។
នៅក្នុងកម្មវិធីរំលឹកគុណមាតាបិតានេះផងដែរ ក៏មានការសម្តែងរឿងខ្លី និងចម្រៀង ទាក់ទងគុណឪពុកម្តាយ និងកូនកត្តញូចំពោះអ្នកមានគុណផង ដោយមានការសម្ដែងនេះ សុទ្ធសឹងជាសិស្សានុសិស្ស នៃព្រះវិហារជឺតឺតែម្ដង។ ជាពិសេសគឺនៅត្រង់កន្លែងខមាលាទោសពីកូនៗទៅកាន់ឪពុកម្ដាយ ដែលកន្លងមកកូនៗបានធ្វើខុសទាំងកាយវិការ ពាក្យសម្ដី គឺសុំទោសឪពុកម្ដាយតែម្តង ដោយការសុំទោសមានទាំងការយំសោករវាងកូនៗ និងឪពុកម្ដាយទៀតផង។
លោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺ បានលើកឡើងថា៖ កម្មវិធីនៅក្នុងថ្ងៃនេះ ពិតជាមានអត្ថន័យជ្រៅជ្រះខ្លាំងណាស់ ហើយអ្វីដែលសំខាន់កម្មវិធីនេះបានបង្ហាញអំពីទេពកុសល្យរបស់សិស្សានុសិស្ស ដែលបានទទួលការរៀនសូត្រនៅក្នុងព្រះវិហារ នេះ សបញ្ជាក់ឲ្យឃើញថា សិស្សានុសិស្សមានការយល់ដឹងច្រើន ទាំងចំណេះដឹង សីលធម៌នៃការរស់នៅ សុជីវធម៌ និងការដឹងគុណឪពុកម្តាយ ហើយជាពិសេសនោះ អត្ថន័យទាំងអស់នេះបានបកស្រាយនៅក្នុងរឿងខ្លី មានចំណងជើងថា៖ “កូនខុសហើយ” ។ ក្នុងសាច់រឿងនេះ គឺជាស្នាដៃរបស់លោកគ្រូអ្នកគ្រូ ដែលបានខិតខំសម្រិតសម្រាំងឡើង ដោយបានឆ្លុះបញ្ចាំងទិដ្ឋភាពនៅក្នុងសង្គមបច្ចុប្បន្ន ឃើញថា មានសិស្សានុសិស្សមួយចំនួនខិតខំរៀនសូត្រ និងចេះស្តាប់បង្គាប់ឪពុកម្តាយ ជាកូនល្អ សិស្សល្អ ក៏ប៉ុន្តែមានសិស្សានុសិស្សមួយចំនួន មិនខិតខំរៀនសូត្រ នាំគ្នាគេចសាលា ដើរលេង មិនស្តាប់បង្គាប់ឪពុកម្តាយ ដែលកំពុងបង្កបញ្ហាដល់សង្គម និងធ្វើឲ្យឪពុកម្តាយពិបាកចិត្ត ។ ដូច្នេះហើយកម្មវិធីរំលឹកគុណឪពុកម្តាយនេះ គឺបង្កើតឡើងដើម្បីរឹលឹកដល់កូនៗក្មួយៗ មួយចំនួន ត្រូវភ្ញាក់រលឹកឡើងវិញ ត្រូវចេះតបស្នងសងគុណឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចេះស្រឡាញ់រាប់អានមិត្តភក្តិល្អៗ មានសីលធម៌ល្អ និងចេះយកអាសារគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា នៅព្រះវិហារជឺតឺ មិនត្រឹមតែបង្រៀនភាសាចិន ដោយឥតគិតថ្លៃនោះទេ ថែមទាំងបង្រៀនសិស្សានុសិស្សឲ្យស្គាល់អំពើល្អ មានសីលធម៌ល្អ សុជីវធម៌ តម្លៃនៃគុណធម៌ ការចេះប្រាស្រ័យទាក់ទងគ្នា និងជាពិសេសនោះ គឺការដឹងគុណដល់ឪពុកម្តាយ និងអ្នកមានគុណ ជាដើម ៕