បង្ក្រាបទីតាំងជួញដូរ និងកែច្នៃគ្រឿងញៀន ៣​គោលដៅ ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ និងគ្រឿងញៀនជាង ១០០គីឡូក្រាម
ធី ជុំ - ២៣ ឧសភា ២០២៤
image

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបទីតាំងជួញដូរ និងកែច្នៃគ្រឿងញៀន ៣គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ និងរកឃើញថ្នាំញៀន ជាង២៥គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង៨០គីឡូក្រាម។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅលើគោលដៅ ៣ផ្សេងគ្នា ដោយគោលដៅទី១ នៅតាមបណ្តោយផ្លូវ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គោលដៅទី២ នៅខុនដូរខាឡា(CALLA) បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងគោលដៅទី៣ ខុនដូរ Time Square បន្ទប់លេខ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ មានឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ។

កម្លាំងជំនាញក៏បានរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(MDMA) ទម្ងន់ ១៥៤៧៧,៦៨ ក្រាម។ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៣៦៧,៣១ក្រាម។ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧២២៦ក្រាម។ គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៣១,២១ក្រាម។ សារធាតុគីមីផ្សំ ទម្ងន់សរុប ៨១៤៩០,៨៤ក្រាម (ស្មើ៨១គីឡូ ៤៩០,៨៤ក្រាម) និងវត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥១០២,២ក្រាម (ស្មើ២៥គីឡូ ១០២,២ក្រាម)។

ក្រោយពីបញ្ចប់ប្រតិបត្តិការបង្ក្រាប ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី៕


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣