បាត់ដំបង ៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានចូលរួមជាអធិបតី “ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥” នៅមណ្ឌលកីឡាដ្ឋានខេត្ត(ទីលានបាល់ទាត់វាលបែកចាន)។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា៖ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕