VinHMS ចុះអនុស្សរណៈយោគយល់ជាមួយ Canopy Sands Development ដើម្បីនាំបទពិសោធបដិសណ្ឋារកិច្ចថ្មីមកកាន់គម្រោងអភិវឌ្ឍន៍ Bay of Lights
០៩ មេសា ២០២៤
image

ខេត្តព្រះសីហនុៈ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីជំរុញនូវការរួមបញ្ចូលបច្ចេកវិទ្យាថ្មី និងបដិសណ្ឋារកិច្ច ក្រុមហ៊ុនសូហ្វវែរ VinHMS និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុរបស់កម្ពុជា Canopy Sands Development បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការជំរុញអភិវឌ្ឍអចលនទ្រព្យនៅក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់បទពិសោធន៍ថ្មីនៃការរស់នៅ តាមរយៈការប្រើប្រាស់ការគ្រប់គ្រងបដិសណ្ឋារកិច្ចទំនើប ជាមួយនឹងសេវាកម្មឌីជីថល។

 

ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ក្រោមវត្តមាននាយកប្រតិបត្តិសំខាន់ៗមកពី VinHMS និង Canopy Sands Development បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់អនាគតនៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងតំបន់។ តាមរយៈកិច្ចសហការក្នុងការគ្រប់គ្រងសណ្ឋាគារ រីសត អាផាតមិន និងការអភិវឌ្ឍចម្រុះនៅក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights សម្ព័ន្ធភាពជាយុទ្ធសាស្រ្តនេះនឹងពង្រឹងភាពលេចធ្លោរបស់កម្ពុជាឲ្យក្លាយជាគោលដៅមួយដ៏ទាក់ទាញ។

 

"ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ VinHMS គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់គម្រោងអភិវឌ្ឍន៍ Bay of Lights ។ យើងមិនគ្រាន់តែស្រមៃចង់បានបដិសណ្ឋារកិច្ចដ៏ប្រណិតប៉ុណ្ណោះទេ យើងកំពុងរៀបចំកន្លែងរស់នៅបែបទំនើប ស្របតាមតម្រូវការរបស់អ្នកទេសចរស៊ីវីល័យ"។ នេះជាការលើកឡើងរបស់លោក David Richard នាយកគ្រប់គ្រងនៃ Bay of Lights Entertainment។

 

VinHMS នឹងត្រៀមខ្លួនជំរុញគម្រោងអភិវឌ្ឍន៍ Bay of Lights ឆ្ពោះទៅកាន់កម្រិតស្តង់ដារដ៏ល្អឥតខ្ចោះមួយ តាមរយៈការរួមបញ្ចូលប្រព័ន្ធគ្រប់គ្រងដ៏ទំនើប ភ្ជាប់ជាមួយនឹងសេវាកម្មឌីជីថលផ្ដោតលើបទពិសោធរបស់ភ្ញៀវជាចម្បង ដែលនឹងក្លាយជាស្តង់ដារគំរូមួយសម្រាប់ការអភិវឌ្ឍនាពេលអនាគត និងពង្រឹងកិត្យានុភាពរបស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញផងដែរ។

 

លោក Nguyen Van Hoang នាយកប្រតិបត្តិក្រុមហ៊ុន VinHMS បានបញ្ជាក់ថា "តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាបដិសណ្ឋារកិច្ចកម្រិតខ្ពស់របស់ VinHMS ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ Bay of Lights បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវបទពិសោធដ៏ប្រណិតដល់ភ្ញៀវគ្រប់រូប និងជំរុញឱ្យដំណើរការប្រតិបត្តិការកាន់តែល្អឥតខ្ចោះ" ។

 

គម្រោងអភិវឌ្ឍន៍ Bay of Lights នឹងចាប់ផ្តើមអនុវត្តបច្ចេកវិទ្យាទំនើប ដែលរួមមានបន្ទប់ឆ្លាតវៃភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងដែលសម្របតាមចំណូលចិត្តរបស់ភ្ញៀវស្នាក់នៅ និងប្រើប្រាស់ថាមពលដែលគិតគូរពីបរិស្ថាន ស្របតាមអាទិភាពលើនិរន្តភាពរបស់សាកលលោក។

 

កិច្ចសហប្រតិបត្តិការរវាង VinHMS និង Canopy Sands Development នេះ នឹងបន្តអភិវឌ្ឍឲ្យស្របនឹងគោលដៅ និងតម្រូវការថ្មីៗនៃគម្រោងអភិវឌ្ឍន៍ Bay of Lights។ ស្របជាមួយគ្នានេះដែរ វិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះក៏នឹងបន្តពង្រីកសក្ដានុពលឲ្យកាន់តែទូលំទូលាយ តាមរយៈការនាំមកនូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងការស្វែងរកទីផ្សារថ្មីៗជាដើម ដើម្បីបង្កើតបទពិសោធបដិសណ្ឋារកិច្ចមួយប្រកបដោយនិរន្តរភាព និងឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យា។

 

ការសហការរបស់គម្រោងអភិវឌ្ឍន៍ Bay of Lights និង VinHMS ប្រៀបបានជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីសារសំខាន់នៃវត្តមានរបស់បច្ចេកវិទ្យាក្នុងការជំរុញអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ច និងបង្កើតបទពិសោធន៍មួយដែលល្អលើសពីការស្នាក់នៅ៕


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣