ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៏ថា តាមរយៈវិស័យព្រះពុទ្ធសាសនាដែលបានដើរតួនាទីសំខាន់លើកគ្រប់វិស័យ ក្នុងនោះក៏បានចូលរួមបណ្តុះបណ្តាលនូវអនាគតបញ្ញាវ័នដែលអាចជួយអភិវឌ្ឍន៏ប្រទេសជាមួយរាជរដ្ឋាភិបាលនាថ្ងៃអនាគតជាច្រើនទៀតផង ។
ឯកឧត្តមចាយ បូរិន មានប្រសាសន៍បែបនេះ ក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីកាត់វិញ្ញាសាប្រឡងចូលរៀលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា ២០២៤ ដោយមានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹប ព្រះអគ្គាធិការរង, សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អគ្គាធិការរង,សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរង, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង , សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការ និងព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែលថា ដើម្បីក្លាយជាបញ្ញាវ័ន គឺត្រូវមានគ្រឹះនៃចំនេះដឹងមួយដែលច្បាស់លាស់ ដូចនេះសូមសមណនិស្សិត និងក្មួយនិស្សិតទាំងអស់ គោរពនូវវិន័យ សុក្រឹត យុត្តិធម៌ និងតម្លាភាព ពិសេសក្នុងអំឡុងពេលប្រលងនេះផ្ទាល់ ធ្វើយ៉ាងណាប្រឹងប្រែឲ្យអស់ពីសមត្ថភាព ស្របទៅនិងពាក្យស្លាកថា អ្នកចេះគឺជាប់។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ស្របតាមកន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព នយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍន៏លើកគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ ។ ស្របពេលឯកឧត្តម រដ្ឋមន្រ្តី សូមឲ្យ សមណនិស្សិត និងនិស្សិត ពង្រឹងនៅស្មារតីយកចិត្តទុកដាក់នៅក្នុងការប្រលងនៅថ្ងៃនេះ ពិសេសគោរពនូវវិន័យដែលរបស់មណ្ឌលប្រលងឲ្យបានខ្ជាប់ខ្ជួន។
បន្តមក ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំសិក្សា ២០២៤ ដោយបានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ សាកលវិទ្យាធិការរង តំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា ។
ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ស្តីពីវឌ្ឍនភាពនៃការអប់រំរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលនៅឆ្នាំ២០២៤-២០២៥នេះ មានសមណនិស្សិត និស្សិត ដាក់ពាក្យចូលប្រលងសរុបចំនួន១៣៥០អង្គ/នាក់ បែងចែកជា៧ឯកទេសរួមមាន៖ ឯកទេស អក្សរសាស្រ្តខ្មែរ, ឯកទេស ទស្សនវិជ្ជានិងសាសនា, ឯកទេស នីតិសាស្រ្ត, ឯកទេស វិទ្យាសាស្រ្តអប់រំ, ឯកទេស គ្រប់គ្រងទូទៅ, ឯកទេស វិទ្យាសាស្រ្តកុំព្យូទ័រ, និងឯកទេស បង្រៀនភាសាអង់គ្លេស ជាដើម។
សូមជម្រាបជូនថា ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា២០២៤-២០២៥នេះ មានសមណនិស្សិត និងនិស្សិត ដាក់ពាក្យប្រលងសរុបចំនួន៩៥២អង្គ/នាក់។ ដោយឡែកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំសិក្សា២០២៤ មានសមណនិស្សិត និងនិស្សិត ដាក់ពាក្យប្រលងសរុបចំនួន១៣៥០អង្គ/នាក់ ៕