បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបព្រះអសីតិមហាសាវ័ក ចំនួន ១០០អង្គ សម្ពោធសមិទ្ធផលនានា និងប្រគេនព្រះរាជក្រឹត្យតែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយសព្រះរាជ ប្រកាសនីយបត្រតែងតាំងទីប្រឹក្សាគណៈសង្ឃនាយក នៅវត្តសុវណ្ណគង្គារាមរហាត់ទឹក ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា បានគូសបញ្ជាក់បន្តថា បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល បានរងផលប៉ះពាល់ពីវិបត្តិរាតត្បាតនៃជំងឺសកលកូវីដ-១៩ និងចុងក្រោយនេះដោយសារសង្គ្រាមដែលបានផ្ទុះឡើងនៅតាមតំបន់មួយចំនួនក្តី ក៏កម្ពុជាយើងនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ទប់ទល់នឹងវិបត្តិព្យុះភ្លៀងជាសកល រួមទាំងវឌ្ឍនភាពដែលកម្ពុជាសម្រេចបាននាពេលកន្លងទៅនេះ មិនបានកើតឡើងដោយកត្តាចៃដន្យនោះឡើយ គឺបានមកដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលបន្តវេនក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នានីតិកាលទី៧ នៃរដ្ឋសភានេះ។
ឯកឧត្តម អ៊ូ វណ្ណា ក៏បានគូសបញ្ជាក់ដែរថា ដើម្បីបន្តរក្សាបាននូវវឌ្ឍនភាព ក៏ដូចជាភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច និងជាពិសេសការធ្វើដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះរាជរដ្ឋាភិបាល នៅនីតិកាលទី៧នៃរដ្ឋសភានេះ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនា ចំនួន ៥ គឺ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”។
ឯកឧត្តម អ៊ូ វណ្ណា ក៏បានបន្តទៀត រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា និងជាពិសេសសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។ គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្សដ៏ជឿនលឿ និងរឹងមាំដោយផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស។
ជាមួយគ្នានោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បានគូសបញ្ជាក់ផងដែរថា ដោយអនុវត្តទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាកម្មវិធីយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានតួនាទីក្នុងការថែរក្សា ការពារសន្តិសុខជាតិ ពង្រឹងសណ្តាប់ធ្នាប់សាធារណ: និងធានាសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើកិច្ចការងារជាច្រើនទៀតនោះ បាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការជាអាទិភាពចំនួន ៦ គឺ (១)បញ្ហាគ្រឿងញៀន (២)ចរាចរណ៍ (៣)បទល្មើសព្រហ្មទណ្ឌ (៤)ក្មេង ទំនើង (៥)ការជួញដូរមនុស្ស និង(៦)បញ្ហានានា តាមបន្ទាត់ព្រំដែន ទាំងគោក និងទឹក។ ជាលទ្ធផលនោះ យើងសង្កេតឃើញថា បទល្មើសនានា ពិសេសការជួញដូរគ្រឿងញៀន សកម្មភាពអាណាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើង បទល្មើសព្រហ្មទណ្ឌដែលកើតឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ និងបានទទួលនូវការសាទរ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕