ភ្នំពេញ ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារពិភពលោក(WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង ៣ទស្សវត្សកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និង អាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។
នាឱកាសនោះដែរ ទាំងឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Maryam Salim ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោក ក្នុងគម្រោងមួយចំនួន ដែលក្នុងនោះមានការចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា ៖ គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រដែលទើបបញ្ចប់នាពេលថ្មីៗនេះ, ការងារគណនេយ្យភាពសង្គម គម្រោងអាហារូបត្ថម្ភ ព្រមទាំងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកផងដែរ។
លោកស្រី Maryam Salim បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នូវការកោតសរសើរឥតឈប់ឈរពីសំណាក់ WB ចំពោះការដឹកនាំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោងទាំងឡាយកន្លងមក។ ភាគីទាំងពីរ ក៏បានអបអរសាទរនូវវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងរំពឹងទុកថាកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តផ្តល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការពិនិត្យលទ្ធភាពផ្តួចផ្តើមគំនិតថ្មីៗទៀតទៅលើវិធានការនានា ដែលនឹងផ្តល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យ សុខុមាលភាព កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបន្តអនុវត្តគម្រោងដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់តាមការគ្រោងទុក៕
អត្ថបទ ៖ រ៉េន រតនៈ
រូបភាព ៖ សាន់ ផានិត