ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា បង្ហាញលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរយៈពេលមួយឆ្នាំ២០២៣
THY CHOM - ០៥ កុម្ភៈ ២០២៤
image

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រាបជូនដល់បងប្អូនជនរួមជាតិនូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ និងសេសសល់ពីឆ្នាំមុនៗ។

ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា៖ “ក្នុងរយៈពេលពេលពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ និងមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋសេសសល់ពីឆ្នាំមុនៗផងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ ចំនួន ១ ០៤៧គណនី។ ជាមួយគ្នានេះ ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី បានចំនួន ៤៦៧គណនី និងករណី ចំនួន ៤១៩គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។

ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ដែលបងប្អូនប្រជាពលរដ្ឋបានផ្ញើមកទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដែលខុសពីសមត្ថកិច្ច

ក្រសួងមហាផ្ទៃ ក្រុមការងារក៏បានជូនជាយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

ដោយឡែកក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក៏បានបញ្ជាក់ជូនផងដែរអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣កន្លងទៅនេះ ដែលមានចំនួន ៤១៩គណនី គឺបាននិងកំពុងបន្តដំណើរការដោះស្រាយ។ ជាមួយគ្នានេះខ្ញុំក៏សូមយកឱកាសនេះសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។

បងប្អូនជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារអាចសម្រេចបានខាងលើនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានា ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលក្នុងជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង”៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣