កណ្តាល៖ កម្មវិធីសិក្ខាសាលាស្តីពី បេឡាជាតិសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព សហជីពមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំដោយសហភាពសហជីពកម្ពុជា-អាស៊ាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ ប្រធានមន្ទីរការងារខេត្តកណ្តាល ប្រធានសហភាពសហជីព និងមន្រ្តីសហជីពជាច្រើនរូបទៀត។
នាក្នុងឱកាសនោះ លោក សាត់ ឈាងហួ ប្រធានសហភាពសហជីពកម្ពុជា-អាស៊ាន បានលើកឡើងអំពីបច្ចុប្បន្នភាព និងសកម្មភាពមួយចំនួនដែលសហភាពបានធ្វើកន្លងមក និងកំពុងធ្វើបន្ត ដូចជា៖ ការពង្រឹង និងពង្រីកមូលដ្ឋានសហព័ន្ធសហជីពបន្ថែម ការប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ រួមមានកម្មករ និយោជិត ផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតស្បេកជើង និងកាបូប ។ ចំណែកវិស័យក្រៅប្រព័ន្ធរួមមាន សមាគមម៉ូតូឌិប តាក់ស៊ី ស៊ីក្លូ កង់បី សំណង់ សមាគមគ្រូបង្រៀន សមាគមនិស្សិតបញ្ញាវ័ន្ត សមាគមអ្នកលេងកីឡា អង្គការសហព័ន្ធយុវជនកម្ពុជា និងអង្គការជនពិការគថ្លង់ ជាដើម ។ល។
ចំណែកសកម្មភាពទូទៅរបស់សហភាពសហជីពកម្ពុជា-អាស៊ាន រួមមាន៖ CACU បាននិងកំពុងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗពីបងប្អូនពាក់ព័ន្ធបញ្ហាការងារ ទៅតាមនីតិវិធីនៃច្បាប់។ ការបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលជំនាញដល់សមាជិកក្នុងការបំប៉នបន្ថែម លើផ្នែកមូលដ្ឋានបេឡាជាតិសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកសសយក ផ្នែកដោះស្រាយវិវាទការងារ អនុសញ្ញាអន្តរជាតិ ផ្នែកជំនាញភាពជាអ្នកដឹកនាំ និងម៉ូឌេលមេដឹកនាំជោគជ័យ ។ល។
លោក សាត់ ឈាងហួ បានបន្តទៀតថា៖ ក្រៅពីការបណ្តុះបណ្តាលនេះ សហភាពបានធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំ ដើម្បីជួយដល់សមាជិកតាមគោលដៅ តាមូលដ្ឋានរាជធានី ខេត្ត ជាមួយនោះដែរ ថ្នាក់ដឹកនាំសហភាពក៏បានចូលរួមក្នុងយន្តការត្រីភាគី ដើម្បីស្រាវជ្រាវ និងចរចាប្រា់ឈ្នួលអប្បបរមា ជូនបងប្អូនកម្មករ និយោជិត ជារៀងរាល់ឆ្នាំ។ លោកប្រធានសហភាព បានបញ្ជាក់បន្ថែមថា ក្រៅពីនេះសហភាពបាននិងកំពុងធ្វើការទំនាក់ទំនងដៃគូសហការផ្លាស់ប្តូរបទពិសោធន៍ទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ ជាមួយប្រទេសវៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងត្រៀមទៅប្រទេសកូរ៉េ និងប្រទេសរុស្ស៊ី បន្តទៀត។ ជាមួយគ្នានេះដែរ សហភាពកំពុងតែស្វែងរកកម្មករ និយោជិតដេលមានបំណងចង់ធ្វើការងារទាំងក្នុង និងក្រៅប្រទេស និងកំពុងធ្វើការបណ្តុះបណ្តាលលើជំនាញភាសាខ្មែរ អង់គ្លេស និងត្រៀមបើកបំប៉នភាសាចិន កូរ៉េ និងភាសាថៃ ផងដែរ៕