ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ក្រោមបរិយាកាសសប្បាយរីករាយ
Roth - ៣០ តុលា ២០២៣
image

កណ្តាល៖ ពិធីបុណ្យអុំទូកនាមាត់ទន្លេបាសាក់ បានប្រព្រឹត្តិទៅរយៈពេលមួយថ្ងៃ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយឯកឧត្តម នូ សាខន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ដែលរៀបចំដោយរដ្ឋបាលខេត្តកណ្តាល ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងព្រឹត្តិការពិធីអុំទូកនៅក្រុងតាខ្មៅនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំឲ្យមានការអុំទូក ដែលមានទូកមកពីបណ្ដាក្រុង-ស្រុកនានានៅក្នុងខេត្ត ហើយសុទ្ធសឹងជាទូកល្អៗមកអុំកម្សាន្ដសប្បាយនាដងទន្លេបាសាក់ក្រុងតាខ្មៅ។ ទូកដែលចូលរួមប្រណាំង មានចំនួន៧៣ទូក ក្នុងនោះមានទូកខ្នាតអន្តរជាតិនារី ចំនួន០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន៣២ទូក, ទូកអុំបុរស ចំនួន៣៤ទូក និងទូកចែវបុរស ចំនួន០៥ទូក សរុបកម្លាំងអុំ ចំនួន៤,១៥២នាក់។ ពិធីបុណ្យអុំទូកនេះ គេសង្កតឃើញមានប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ក្រោមបរិយាកាសសប្បាយរីករាយ ខណៈដែលព្រឹត្តិការណ៍នេះ មានទាំងការតាំងពិពណ៍សមិទ្ធិផលនានា តាមបណ្តាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ ការប្រគុំតន្ត្រីកំសាន្ត និងមានការបណ្ដែតប្រទីប អុចកាំជ្រួច នាពេលរាត្រីផងដែរ។

ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលបានអញ្ជើញ ជាអធិបតី បានណែនាំក្រុមចំណុះទូកទាំងអស់  ត្រូវគោរពវិន័យនិងចេះអធ្យាស្រយ័គ្នា   ទៅវិញទៅមក ធ្វើយ៉ាងណាឲ្យការប្រកួតទូកឆ្នាំនេះ  ប្រកបដោយជោគជ័យនិងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើឲ្យពិធីប្រណាំងទូករបស់យើង មិនមានបាតុភាពអ្វីមួយកើតឡើងជាយថាហេតុណាឡើយ។

ទិដ្ឋភាព នៅតាមគោលដៅនិមួយៗ គេសង្កេតឃើញ កម្លាំងមានសមត្ថកិច្ច បាននិងកំពុងចុះអន្តរាគមន៍ ធ្វើចរាចរណ៍ ផ្លូវគោក និង ផ្លូវទឹក ដើម្បីការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជូនប្រជាជនចូលរួមទស្សនា ការប្រណាំងទូក បានល្អប្រសើរ។ ចំណែកក្រុមគ្រូពេទ្យចល័ត បានដាក់ពង្រាយគោលដៅនិមួយៗ ដើម្បីជួយពិនិត្យ ព្យាបាលសុខភាព និងចែកថ្នាំសង្កូវជូនប្រជាពលរដ្ឋណាដែលជួបប្រទះបញ្ហាគ្រោះថ្នាក់ និងបញ្ហាសុខភាពបឋម។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរៀបចំមណ្ឌលព័ត៌មាន ជាច្រើនទីតាំង ប្រយោជន៍ដើម្បីប្រកាសជូនដំណឹង ដល់សាធារណជន ក្នុងករណីណាមួយជាយថាហេតុ។ 

ដោយឡែក ចំពោះអនាម័យបរិស្ថានក្រុមការងារជំនាញ បានរៀបចំឲ្យមានធុងសំរាមចល័ត សំរាប់វេចខ្ចប់សំរាម សំណល់រឹងដោយបានដាក់នៅទីតាំងគ្រប់កន្លែង  នៅតាមដងផ្លូវសាធារណៈ និងនៅទីតាំងប្រារព្ធពិធីជៀសវាងការចោលសំរាម ពាសវាលពាសកាល បណ្តាលឲ្យប៉ះពាល់ សុខភាពសាធារណៈ និងអនាមយ័បរិស្ថាន។ 

គួរបញ្ជាក់ថា នាល្ងាចក្នុងថ្ងៃដដែលនោះផងដែរ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល រួមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះ និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលប្រទេសកម្ពុជាយើងស្ថិតនៅក្រោមម្លប់សន្តិភាព ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣