អភិបាលខេត្តកណ្ដាល អញ្ជើញចែកប្លង់រឹង ចំនួន ៩៤០ប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
Roth - ១៤ ធ្នូ ២០២៣
image

ខេត្តកណ្តាល ៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៩៤០ប័ណ្ណ ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ នឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចែកប្លងរឹងនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។

ក្នុងពិធីនេះដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណងនិងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុកមុខកំពូល និងកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវ សហការគ្នាក្នុងការបង្កាបល្បែងស៊ីសងខុសច្បាប់ ពិសេសល្បែង online និងបទល្មើសគ្រឿងញៀនកុំឱ្យកើតមាននៅមូលដ្ឋាន ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការងារដោះស្រាយបញ្ហា សំណូមពរនានា របស់ប្រជាពលរដ្ឋ។

លោក យឺ យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថា នេះគឺជាលើកទី ១៧ហើយ សម្រាប់ស្រុកមុខកំពូល ក្នុងការរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិ ចំនួន ០១ភូមិ គឺភូមិលើ ឃុំព្រែកអញ្ចាញ សរុបចំនួន ៩៤០ប័ណ្ណ។

លោក អភិបាលស្រុកមុខកំពូល បន្ដថា រដ្ឋបាលស្រុក បាននិងកំពុងខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងអនុវត្តការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនពលរដ្ឋ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញ ណែនាំដោយផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ឱ្យមានប្រសិទ្ធភាព និងជោគជ័យតាមផែនការដែលបានគ្រោងទុក។ តាមរយ:ការខិតខំនេះជាលទ្ធផល នៃការងារចុះបញ្ជីដីធ្លីជា លក្ខណៈប្រព័ន្ធ សម្រាប់ស្រុកមុខកំពូល រហូតមកដល់ពេលនេះ បានបិទបញ្ចប់ការងារចុះបញ្ជីដីធ្លីជា លក្ខណៈប្រព័ន្ធ ចំនួន ៣ឃុំ គឺឃុំរកាកោងទី១ ឃុំរកាកោងទី២ និងឃុំសំបួរមាស និងបានធ្វើការចែកប័ណ្ណ ជូនប្រជាពលរដ្ឋ សរុបចំនួន ១៦លើក ស្មើនឹង ២០,៧៥០ប័ណ្ណ និងកំពុងបន្តអនុវត្តលើការចុះបញ្ជីដី ក្នុងឃុំចំនួន៤ ទៀត គឺ ឃុំព្រែកអញ្ចាញ ឃុំឫស្សីជ្រោយ ឃុំព្រែកដំបង និងឃុំស្វាយអំពារ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣