កណ្តាល ÷ ទោះបីខ្ញុំពិការភាពក៏ដោយ ក៏ខ្ញុំមិនបោះបង់ការសិក្សាឡើយ ព្រោះខ្ញុំចង់បន្តការសិក្សា ចប់ថ្នាក់ទី១២ប្រលងបាក់ឌុប ដោយធ្វើជាកូនល្អ មិត្តល្អ សិស្សល្អ និងអរគុណដល់លោកគ្រូអ្នកគ្រូ បំណងរបស់ខ្ញុំ គឺចង់បានអ្វីដែលមិនចាំបាច់អោយឪពុកម្តាយ និងបងប្អូនខ្ញុំពិបាក តែឪពុកម្តាយខ្ញុំក្រណាស់ពូ ពោលពាក្យប្តេជ្ញាបែបនេះ ក្នុងឱកាសដែល សិស្សមានពិការភាព ឈ្មោះ ពេជ្រ រតនៈ ភេទប្រុសអាយុ១៥ឆ្នាំ ត្រូវចូលរៀនឡើងថ្នាក់ទី៨A ថ្មី ក្រោយពិធី បើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ថ្មីៗកន្លងទៅនេះ ដោយតស៊ូជិះរទេះរុញមកសិក្សាក្នុងវិទ្យាល័យវឌ្ឍនៈឈូងលាភ ដែលស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក អ៊ុត ធុច នាយករងវិទ្យាល័យវឌ្ឍនៈឈូងលាភ បានបញ្ជាក់ប្រាប់ថា ÷ សិស្ស ពេជ្រ រតនៈ គឺជាជនមានពិការភាពតាំងពីកំណើត ដោយជើងទាំងពីរខ្វឹនខ្វង់មានសភាពស្វឹតគ្មានសាច់ដុំមិនអាចក្រោកឈរខ្លួនឯងបាន ឯដៃទាំងពីរក៏ស្វឹតខ្វឹនខ្វង់ដែរ តែអាចអោយកាន់ ដៃខ្មៅ ប៊ិច សរសេរអក្សរលើសៀវភៅបាន និងមានអត្តចរិកស្លូតបូត ឧស្សាព្យាយាមក្នុងការសិក្សាមិនដែលអវត្តមានម្តងណាឡើយ ហើយទទួលបាននិទ្ទេសនិងចំណាត់ថ្នាក់ល្អ នៅក្នុងថ្នាក់ មិនតែប៉ុណ្ណោះ
សិស្ស ពេជ្រ រតនៈ គ្រប់ថ្ងៃសិក្សា ត្រូវធ្វើដំណើរចម្ងាយ ៣គីឡូម៉ែត្រតាំងពីផ្ទះមកដល់សាលា ដោយបានបងប្រុសជីដូនមួយ ឈ្មោះ ធី រ៉ាយុ ដែលមានផ្ទះក្បែរគ្នា និងរៀនថ្នាក់ជាមួយគ្នា ជួយលើកជួយអ៊ាវដាក់លើម៉ូតូឌុបមកសាលា ហើយពេលមកដល់សាលា គឺមានមិត្តភគ្រ័ផ្សេងទៀតរុញរទេះជនពិការទៅទទួល ដោយលោកនាយករងក៏ចេញទៅទទួលបន្តនិងជួយរុញ រទេះជូនសិស្ស ពេជ្រ រតនៈ អោយមកដល់ថ្នាក់រៀនផងដែរ ។
លោកនាយករងក៏សុំអំពាវនាវដល់ សប្បុរសជន មេត្តាជួយតាមលទ្ធភាព ព្រោះរាល់ថ្ងៃ សិស្សពេជ្រ រតនៈ ត្រូវប្រើរទេះរុញសម្រាប់ជនពិការចំនួន០២គ្រឿង ដោយ០១គ្រឿងទុកប្រើនៅឯផ្ទះ និង០១គ្រឿងទៀតទុកប្រើនៅក្នុងសាលា ហើយរទេះរុញសុទតែមានសភាពចាស់ទ្រោធទ្រោមទៅហើយ ប្រសិនមានយានជំនះ ម៉ូតូកង់បីខ្នាត់តូច ០១គ្រឿង នោះ សិស្ស ពេជ្រ រតនៈ អាចជិះបើកដោយខ្លួនឯងពីផ្ទះមកសាលាបាន ។
យុវតី ម៉ី គីមហួយ ជាប្រធានថ្នាក់ បានបញ្ជាក់ថា ÷ សិស្សរួមក្នុងថ្នាក់ទាំងអស់សុទតែ មានចិត្តអាណិត ពេជ្រ រតនៈ គ្រប់ៗគ្នា ដោយមិនមានការរើសអើងជនពិការភាពនោះឡើយ ។
លោក ពេញ ពេជ្រ អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាឪពុក របស់ សិស្ស ពេជ្រ រតនៈ បានប្រាប់អោយដឹងថា ÷ លោកនិងភរិយា បានព្យាមយកកូនទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យតាំងពីចាប់កំណើតមកម្លេះ តែលទ្ធផលមិនបានគាប់ប្រសើឡើយ ត្បិតកូន ពេជ្រ រតនៈ កាលពេលប្រសូត្រមកគឹ បញ្ច្រាស់ ។
លោកថា បច្ចុប្បន្ន ប្រពន្ធរបស់លោក ឈ្មោះ វណ្ណ ចិន្តា បានទៅធ្វើការជាពលការនីនៅប្រទេសកូរ៉េស្របច្បាប់ ដើម្បីសន្សំប្រាក់ផ្ញើមកស្រុក ហើយកូនប្រុសម្នាក់ទៀតអាយុ១២ឆ្នាំ មិនពិការទេ បានចូលរៀននៅសាលាសុវណ្ណាភូមិ ក្បែរផ្ទះ ចំនែកខ្លួនលោកធ្វើជាសន្តិសុខរោងចក្រ ដើម្បីជីវភាពគ្រួសារនិងជួយជម្រុញអោយកូនទាំងពីរ បានរៀនសូត្រខ្ពង់ខ្ពស់ មិនអោយបោះបង់ការសិក្សានោះឡើយ ។
សូមបញ្ជាក់ជូនថា : វិទ្យាល័យវឌ្ឍនៈឈូងលាភ មានថ្នាក់រៀន ចំនួន១៧ថ្នាក់ មានសិស្សសរុប ៨៣៨នាក់ ស្រី៤៥៥នាក់ មានលោកគ្រូអ្នកគ្រូចំនួន ៤៣នាក់ ហើយអគារថ្មទាំងអស់ក្នុងវិទ្យាល័យវឌ្ឍនៈឈូងលាភ គឺ សាងសង់ទាំងស្រុង ដោយសប្បុរសជន អ្នកឩកញ៉ាសំអាង និងអ្នកឩកញ៉ា ឈុនលាង នៃក្រុមហ៊ុនវឌ្ឍនៈ៕