បន្ទាយមានជ័យ៖ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃ ស្នើសុំទៅក្រសួងឲ្យផ្លាស់ប្តូរ លោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ។
យោងតាមលិខិតសូមគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់តាមរយៈឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យកម្មវត្ថុសំណើរសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ។ ដោយគោរពជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាជ្រាបថា៖ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង(ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩)របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យរហូតដល់បច្ចុប្បន្នក្រោមការដឹកនាំលោកប្រធានមន្ទីររូបនេះធ្វើអោយមន្ត្រីក្រោមឱវាទទាំងអស់ជួបការលំបាកជាខ្លាំងក្នុងការអនុវត្តន៍ការងារ។ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិកឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថម៉ាក់ងាយអ្នកក្រោមឱវាទ និងអែបអបសំដៅជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារដែលខ្លួនមានបញ្ហាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុសហើយអត្តនោម័តតែម្នាក់ឯង។
កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរដែលបម្រើចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយនិយាយថាពួកគាត់ចុះវាល មុខជាទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើអោយប៉ះពាល់អារម្មរណ៍មន្ត្រី ហើយនៅពេលមានកំហឹងបោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី និងថវិការដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹកតំបន់៣នៃបឹងទន្លេសាបភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិការមន្ត្រីខ្លះត្រូវបានចំនួន៧លានរៀល ជាក់ស្តែងកាត់នៅសល់ត្រឹមតែ៣លានរៀល និងមន្ត្រីខ្លះទៀតជាក់ស្តែងបានតែ២លានរៀល។
តម្រូវអោយប្រជាពលរដ្ឋបង់លុយចំនួន៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់បែបបទប្រមូលទិន្នន័យក្បាលដីក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដាខេត្ត តម្រូវអោយប្រជាពលរដ្ឋបង់លុយចំនួន១០០ដុល្លារ លើការចុះហត្ថលេខាចេញដិការអមលើកទី២ជំនួសដិការអមលើកទី១ដែលអស់សុពលភាព។
ប្រធានមន្ទីររូបនេះទទួលបានដីពីការបំបែកដីឡូតិ៍ចំនួន៧ក្បាលដីដែលធ្វើអោយមហាជនដើរនិយាយបរិហាពេញខេត្តនិងប៉ះពាល់កិត្តិយសដល់មន្ទីរនិងក្រសួង ហើយដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញធ្វើអោយភាគីនិងមហាជនអស់ជំនឿលើការដោះស្រាយនិងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក់ស្តែងប្រធានមន្ទីររូបនេះទទួលបានដីចំនួន៥ក្បាលដី ដែលផ្ទុយពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យបានប្រាប់នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២៣ថា៖ អ្វីដែលមន្ត្រីរាជការមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបានផ្ទិតមេដៃសំណើរសុំផ្លាស់ប្តូរលោក ទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺមានអ្នកនៅក្រោយខ្នងក្នុងមន្ទីដែលរយៈពេលកន្លងរាល់បញ្ហាឯកសារ និងសំណុំរឿងមួយលោកមិនអនុញ្ញាតិទើបខឹងទើបញុះញុងមន្ត្រីក្រោមឱវាទផ្តិតមេដៃស្នើសុំប្តូរលោក។
លោកបានបញ្ជាក់ថា៖នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នៅមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្ត បានជួបប្រជុំផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទទាំងដើម្បីចោទសួររាល់បញ្ហាការចោទប្រកាន់លោកដូចជាគ្មានមន្ត្រីណាមួយហ៊ាននិយាយបកស្រាយឡើយ ហើយការចោទប្រកាន់គឺគ្មានការពិតឡើយនៅពេលខាងមុខឆាប់ៗនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងចុះធ្វើអធិការកិច្ចដើម្បីរកដំណោះស្រាយទទួលបានភាពច្បាស់លាស់និងយុត្តិធម៌មកវិញ៕
(សៅនៅ)