ក្រសួងអប់រំ បើកកិច្ចប្រជុំការពិនិត្យ និងពិភាក្សាលើសេចក្ដីណែនាំស្ដីពីការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ
Roth - ២៤ វិច្ឆិកា ២០២៣
image

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ -- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំការពិនិត្យ និងពិភាក្សាលើសេចក្តីណែនាំស្ដីពីការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ក្នុងគោលបំណងដើម្បី សម្របសម្រួលលើដំណើរការនៃការជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្លើយតបនឹងសភាពការថ្មីនៃការអនុវត្តគោលនយោបាយផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ កិច្ចប្រជុំនេះ បានធ្វើឡើង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។


សម្រាប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដែលប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា ត្រូវរៀបចំគណៈ កម្មការជ្រើសរើស ដោយមានការចូលរួមពីមន្ទីរមុខងារសាធារណៈ អភិបាល នៃគណៈអភិបាលក្រុង គណៈគ្រប់គ្រងសាលាបឋមសិក្សា និងគណៈកម្មការទ្រទ្រង់សាលារៀន ព្រមទាំងត្រូវអនុវត្តន៍​​​តាមនីតិវិធី នៃការជ្រើសរើស ដូចជាត្រូវឆ្លងកាត់ការវាយតម្លៃដោយពិនិត្យលើលទ្ធផលនៃការបង្រៀន ស្ថានភាពសុខភាព និងការអភិវឌ្ឍសមត្ថភាព ហើយចំពោះបេក្ខជនជាសិស្ស និស្សិតត្រូវរៀបចំឱ្យមានជាការប្រឡង ជ្រើសរើសដោយមានវិញ្ញាសាភាសាខ្មែរ និងវិធីសាស្ត្របង្រៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តរៀនសូត្រ​​​​ពីបទពិសោធន៍កន្លងមក សិក្សាពីបញ្ហា និងព្យាយាមស្វែងរកដំណោះស្រាយឈានទៅដាក់ចេញ​​​នូវសេចក្ដីណែនាំគ្រប់ជ្រុងជ្រោយ គាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំ តបតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្សតាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា សុខភាពសិក្សា ភាពជាដៃគូរបស់ដៃរបស់សហគមន៍ដើម្បីការអប់រំ និងស្តង់ដារសាលាគំរូចំនួន ៥ រួមមាន៖ ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង ៥. គណនេយ្យភាពរបស់សាលារៀន៕

ដោយ ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣