ក្រសួងការងារអំពាវនាវឱ្យយុវជនដែលទើបទទួលលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
Roth - ២៤ វិច្ឆិកា ២០២៣
image

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យយុវជនដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះបីជាប់ក្តីធ្លាក់ក្តី ឱ្យងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៤ វិច្ឆិកា បានលើកឡើងថា ប្អូនៗ និងកូនក្មួយដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបើទោះបីជាប់ក្តី ធ្លាក់ក្តី សូមងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលចូលរៀនពុំបង់ថ្លៃ ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល បន្ថែមទៀតផង។

ឯកឧត្តមបន្ថែមថា នាពេលបច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាមានភាពទូលំទូលាយគឺ ប្រព័ន្ធអប់រំចំណេះទូទៅ និងឧត្កមសិក្សា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ កាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ត្រូវបានរាជរដ្ឋាភិបាលទើបតែដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តមលើកឡើងថា៖ «ការប្រឡងជាប់ឬធ្លាក់លែងជាក្តីកង្វល់របស់ប្អូនៗទៀតហើយ កូនក្មួយទាំងអស់អាចពិនិត្យលទ្ធភាពលើការរៀននៅមហាវិទ្យាល័យ  ឬក៏មកចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលរៀនក្នុងរយៈពេលខ្លី ហើយទទួលបានសញ្ញាបត្រកម្រឹតបច្ចេកទេស ដែលអាចរកការងារល្អបានល្អដូចគ្នា »

ឯកឧត្តមបន្ថែមថា ការងាយស្រួលសម្រាប់យុវជនក្នុងការស្វែងរកព័ត៌មាន និងការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺអាចស្វែងរកព័ត៌មានតាម៖

-website: www.tvet.gov.kh

-Mobile App: TVET 1.5M

 

- ប្រព័ន្ធទូរស័ព្ទ ១២៩៧

-តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរាជធានី ខេត្ត

-ទីភ្នាក់ងារជាតិមុខរបរ និងការងារ ,មជ្ឈមណ្ឌលការងារ ,និងមជ្ឈមណ្តុលការងារចល័ត

-អាជ្ញាធរដែនដី ឃុំសង្កាត់

-ឬមកចុះឈ្មោះផ្ទាល់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដែលមាននៅតាមរាជធានី ខេត្ត

ដោយ ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣