បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណដឹកនាំមន្ត្រីជំនាញចុះវាស់វែងអក្ខផ្លូវណែនាំឲ្យប្រជាពលរដ្ឋ សំយ៉ាប និងតូបផ្ទះរំលោភចំណីផ្លូវ មុនចាត់វិធានការក្តៅនៅថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៤នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរាយ និងការពារសុវត្ថិភាពគ្រោះថ្នាក់ចរាចរណ៍កើតឡើងតាមដងផ្លូវឲ្យមានសោភ័ណភាព លោកបានដឹកនាំមន្ត្រីជំនាញចុះវាស់វែងអក្ខផ្លូវឲ្យកាត់សំយ៉ាបផ្ទះតូប ដែលរំលោភដីចំណីផ្លូវសាធារណៈ បើមិនស្តាប់ នឹងមានវិធានការក្តៅ។
លោកបានបញ្ជាក់ថា៖ អនុវត្តជំហ៊ានដំបូងត្រូវបានធ្វើតាមផ្លូវជាតិលេខ៥៦ពីចំណុចភ្លើងស្តប់ផ្លូវបំបែកជាបួនផ្លូវទៅផ្សារថ្មី ដល់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយចុះវាស់វែងអក្ខផ្លូវដោយមន្ត្រីជំនាញ និងមន្ត្រីសាលាក្រុងដោយយកចំណុចអក្ខកណ្តាលផ្លូវទៅចិញ្ចើមខាងកើតយកប្រវែង១៥ម៉ែត្រ និងខាងលិចផ្លូវយក២៥ម៉ែត្រតែជំហ៊ានដំបូងយកត្រឹមបង្គោលភ្លើងសិនហើយណែនាំដល់ប្រជាពលរដ្ឋដែលធ្វើសំយ៉ាបនិងតូបសំណង់ផ្សេងៗដែលធ្វើរំលោភទៅលើចំណីផ្លូវជាតិលេខ៥៦ត្រូវរុះរើចេញដោយខ្លួនឯងចាប់ពីថ្ងៃជូនដំណឹងតទៅ។
លោក ស្រេង សុផល បានបញ្ជាក់ថា៖ ក្រោយពីការណែនាំឲ្យរុះរើចេញដោយខ្លួនឯងហើយមិនស្តាប់ឬមិនព្រមរុះរើទេ តាមការណែនាំរបស់អាជ្ញាធរក្រុង នឹងមានវិធានការរុះចេញដោយមិនលើកលែងឡើយដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុងការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕(សៅ នៅ)
ដោយ៖ សៅ នៅ