ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣–
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ប្រៀបបានដូចជាជីកស្រះធំដើម្បីចិញ្ចឹមត្រីនិងបង្រៀនបងប្អូនឱ្យចេះស្ទូចត្រី។ សម្តេចធិបតីថ្លែងនាព្រឹកថ្ងៃទី១៤ខែ វិច្ឆិកា២០២៣នៅសណ្ឋាគាសុខា រាជធានីភ្នំពេញ។
សម្តេចធិបតីមានប្រសាសន៍ថា កម្ម វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នឹងធ្វើយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យមានជីវភាពល្អប្រសើរដោយរក្សាបាននូវស្ថេរភាពនិងកំណើន។
កម្មវិធីនេះមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុងការផ្ដល់ជំនាញប្រចាំជីវិតពិតប្រាកដដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដើម្បីទទួលបានឱកាសការងារនិងបង្កើតការងារដោយខ្លួន ឯងដោយភាពម្ចាស់ការមានគុណភាពនិងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារហើយជារួមការអនុវត្តកម្មវិធីការងារនេះនឹងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារគោលដៅបានល្អប្រសើរឱ្យចាកផុតពីបន្ទាត់នៃភាពក្រីក្រ ។
សម្តេចធិបតីបន្តឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋា ភិបាលកំពុងតែឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រជាង ៧០ ម៉ឺនគ្រួសារនិងគ្រួសារងាយរងហានិភ័យជាច្រើនគ្រួសារទៀត ។
ដោយ៖ ក្រសួងព័ត៌មាន