ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ -- ផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនមុខ ទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជនជាតិចិន និងអន្តរជាតិ ក្នុងពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦ នៅទីក្រុងសៀងហៃ ប្រទេសចិន។
ពិព័រណ៍ទំនិញនាំចូលអន្ដរជាតិចិនលើកទី៦(The 6t h China International Import Expo) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ ប្រទេសចិន បានបិទបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនមុខទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជនជាតិចិន និងអន្តរជាតិ។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសាងសង់ពន្លាជាតិដែលមានទំហំ១៣៦ម៉ែត្រការ៉េ និងដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជាជាច្រើនមុខដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា។ ក្នុងរយៈពេល៦ថ្ងៃនៃការតាំងពិព័រណ៍ ពន្លាជាតិកម្ពុជាទទួលបានភ្ញៀវចូលទស្សនាសរុបចំនួន៣,២៩៨០នាក់ និងទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជនជាតិចិន និងអន្តរជាតិទៅលើការធ្វើពាណិជ្ជកម្មអង្ករ ស្វាយចន្ទី ម្រេច វិស័យទេសចរណ៍ និងគម្រោងវិនិយោគអចលនទ្រព្យនៅកម្ពុជា៕
ដោយ៖ ក្រសួងព័ត៌មាន