ឯកឧត្តម សុខ លូ នាំអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសារកុមារីដែលងាយរងហានិភ័យ នៅស្រុកសង្កែ
Roth - ១៣ វិច្ឆិកា ២០២៣
image

បាត់ដំបង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣--                                                                                                                   ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ ដែលងាយរងហានិភ័យ ដែលមានលោកពុកឈ្មោះ ចក់ អ៊ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះ ហោ ណារ៉ា អាយុ៣៦ឆ្នាំ មានកំពុងជំងឺសតិអារម្មណ៍ មានកូន៣នាក់ ក្មួយស្រីជាកូនទី២ ក្នុងចំណោមបងប្អូនទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបត់ដំបង នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ ។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងកោតសរសើរ ចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សា ទោះបីជាយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សា និងសុខភាពត្រូវដើរទន្ទឹមគ្នា និងត្រូវចេះស្ដាប់បង្គាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀនសូត្រឱ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត ក្លាយជាទំពាំងស្នងឫស្សី សម្រាប់បន្តវេនមនុស្សជំនាន់ក្រោយៗទៀត ដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ជាកិច្ចឆ្លើយតប ក្រុមគ្រួសារខាងលើបានសម្តែងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកក្នុងជីវភាព មានដូចជា អង្ករ, មី, ត្រីខកំប៉ុង, មុង, ភួយ, សារុង, ក្រមា, សម្ភារសិក្សា, កង់ និងថវិកាមួយចំនួនផងដែរ ៕

ដោយ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣