កណ្តាល៖ ករណីបាក់ច្រាំងមាត់ស្ទឹង បានកាត់ផ្តាច់ផ្លូវបេតុង១ខ្សែរ ដែលមានបណ្តោយប្រហែល ៣០ម៉ែត្រ បានបាក់រលំចូលព្រែក មិនអាចធ្វើដំណើរឆ្លងកាត់បាន ហើយអ្វីដែលកាន់តែព្រួយបារម្ភខ្លាំងនោះ គឺបង្គោលភ្លើងអគ្គិសនីដែលមានខ្សែរភ្លើងខ្វាត់ខ្វែងនៅតាមបណ្តោយផ្លូវនេះ កំពុងតែមានហានិភ័យខ្ពស់ ខណៈដីបាក់ដល់របងផ្ទះប្រជាពលរដ្ឋហើយ ប៉ុន្តែសំណាងល្អបង្គោលភ្លើងមិនដួលរលំ ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ស្ទឹងនេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាក់ដីច្រាំងជាបន្តបន្ទាប់ រហូតដល់យប់ថ្ងៃទី០៩ នេះ មានភ្លៀងធ្លាក់ខ្លាំង និងទឹកស្ទឹងបានហូរច្រោះដី បណ្តាលឲ្យផ្លូវបេតុងនៅតាមមាត់ស្ទឹងនេះបាក់ស្រុតប្រហែល ៣០ម៉ែត្រ មិនអាចឆ្លងកាត់បាន ហើយផ្ទះមួយចំនួនប្រឈមនឹងបាក់ស្រុតចូលស្ទឹងមិនអាចរស់នៅបាន ជាពិសេសគឺបង្គោលភ្លើងអគ្គីសនី ដែលកំពុងតែមានហានិភ័យខ្ពស់ ប្រសិនបើមានការរលំតែមួយបង្គោល នោះខ្សែរភ្លើងដែលខ្វាត់ខ្វែងខាងលើនឹងអាចធ្លាក់ចូលស្ទឹង និងធ្លាក់លើដំបូលផ្ទះប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពីមុនពួកគាត់បានរាយការណ៍ទៅអាជ្ញាធរដែរ ហើយកាលមុនថ្ងៃបោះឆ្នោត អាជ្ញាធរ បានសន្យាថានឹងជួយដោះស្រាយឲ្យឆាប់ៗ ដូចជាការធ្វើផ្លូវថ្មីជូនប្រជាពលរដ្ឋក្នុងការងាយស្រួលធ្វើដំណើរ ចំណែកផ្ទះប្រជាពលរដ្ឋនៅតាមមាត់ស្ទឹងដែលងាយរងគ្រោះ នឹងត្រូវដូរទៅរស់នៅកន្លែងផ្សេង ដែលអាជ្ញាធរនឹងរៀបចំជូន ។ ប៉ុន្តែមកដល់ពេលនេះដំណោះស្រាយទាំងនោះហាក់ដូចស្ងាត់ទៅវិញ។
ប្រជាពលរដ្ឋសំណូមពរសូមឲ្យអាជ្ញាធរជួយមានដំណោះស្រាយឆាប់ៗ ជៀសវាងមានករណីគ្រោះថ្នាក់កើតឡើងខាងមុខ ជាពិសេសគឺស្ថានភាពផ្ទះប្រជាពលរដ្ឋ ផ្លូវធ្វើដំណើរ និងបង្គោលភ្លើងអគ្គីសនី ។
ករណីគួរឲ្យព្រួយបារម្ភខាងលើនេះ ភ្នាក់ងារព័ត៌មានយើងបានធ្វើការសាកសួរទៅ លោក ឯក សំណាង ចៅសង្កាត់ដើមមៀន គាត់បានឆ្លើយថា បញ្ហានេះគាត់បានរាយការណ៍ទៅខាងលើហើយ ហើយខាងលើក៏បានចាត់ឲ្យមន្រ្តីចុះទៅពិនិត្យ នៅកន្លែងកើតហេតុផងដែរ ហើយចំពោះដំណោះស្រាយពីខាងលើយ៉ាងណា ក៏លោកមិនទាន់ដឹងដែរ៕