ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៩ ដល់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅហ្លួងព្រះបាង ប្រទេសឡាវ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខ័ណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និងកំណត់ទិសដៅ គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ និងពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៤ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ។
ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍ស្តីពីការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅប្រទេសកម្ពុជា ដែលការអភិវឌ្ឍនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង និងការតភ្ជាប់របស់ប្រទេសកម្ពុជានៅក្នុងក្របខណ្ឌតំបន់ផងដែរ។
ជាមួយគ្នានេះដែរ កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៩នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូន ដូចជា៖ (១) ការដឹកជញ្ជូនផ្លូវគោក (២) ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ (៣) ការដឹកជញ្ជូនផ្លូវអាកាស (៤) កិច្ចសម្របសម្រួលការដឹកជញ្ជូន និង (៥) ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។
ទន្ទឹមនឹងនេះ កិច្ចប្រជុំពេញអង្គលើកទី២៩នេះ បានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ គឺ៖ (១) ផែនការអាទិភាពប្រចាំឆ្នាំ២០២៤ (២) ផែនការមេអាស៊ាន ស្តីពីសេវាចរាចរណ៍ដែនអាកាស (៣) ពិធីសារទី៣ ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនូវអាជ្ញាប័ណ្ណនាវិកហោះហើររបស់អាស៊ាន (៤) ផែនការសកម្មភាពអាកាសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (៥) អនុសាសន៍គោលនយោបាយ សម្រាប់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយ៍សាកយានយន្តអគ្គិសនី ក្នុងអាស៊ាន (៦) គោលការណ៍ណែនាំស្តីពីកំពង់ផែវៃឆ្លាត និង(៧) អនុសាសន៍ស្តីពីការពង្រឹងការត្រៀមខ្លួនក្នុងតំបន់សម្រាប់បញ្ហាដែលអាចកើតឡើងនាពេលអនាគត ទាក់ទងនឹងការលើកកម្ពស់និរន្តភាពប្រតិបត្តិការរបស់កំពង់ផែ និងការសម្របសម្រួលការផ្លាស់ប្តូរ និងការធ្វើមាតុភូមិនិវត្តន៍របស់នាវិក៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ),
ដោយ៖ ក្រសួងព័ត៌មាន