ខេត្តបន្ទាយមានជ័យ ៖ ឃាតករដែលវាយសំលាប់ប្អូនបង្កើត ត្រូវចាប់ខ្លួនបានហើយនៅពេលគេចខ្លួនទៅពួនផ្ទះសាច់ញាតិ ហើយត្រូវឃាត់ខ្លួនបាននៅម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយមានករណីឃាតកម្មបងប្រុសវ៉ៃសំលាប់ប្អូនប្រុសបង្កើតកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឃាត់ករមានឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបរត់តាក់ស៊ី ត្រូវជាបងបង្កើតជនរងគ្រោះដែលស្លាប់ឈ្មោះ ស្រង់ នេត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់បាយ ដែលរស់នៅភូមិកើតហេតុ។
ក្រោយហេតុការណ៍កើតឡើង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅកន្លែងកើតហេតុបានពិនិត្យ និងធ្វើកោសលវិច្ឆ័យ ជាករណីឃាតកម្មបងប្រុសយកចបជីកដែកវ៉ៃទៅលើប្អូនប្រុសបណ្តាលស្លាប់ក្នុងថ្លក់ឈាម ហើយបានបើករថយន្តផ្ទាល់ខ្លួនគេចបាត់ទាំងកណ្តាលយប់ ។ ក្រោយមក កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកឃាតករ រហូតឃាត់ខ្លួនបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ខណៈកំពុងលាក់ខ្លួននៅផ្ទះសាច់ញាតិខាងប្រពន្ធ ស្ថិតនៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយការឃាត់ខ្លួនរួចកម្លាំងអាវុធហត្ថ បានបញ្ជូនជនសង្ស័យទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យវិញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕