នៅមុនពេលកម្ពុជាបើកសម្ពោធការដ្ឋានព្រែកជីកហ្វូណនតេជោ ស្រាប់តែលេចចេញសកម្មភាពប្រឆាំងកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលហៅកាត់ថា CLV ។
មេដឹកនាំក្រុមនេះពីក្រៅប្រទេស គឺបុគ្គលឈ្មោះ ហៃ វណ្ណា ដែលប្រកាសខ្លួនថា ជាសមាជិកម្នាក់នៃក្រុមរួបរួមដើម្បីជាតិ ដើម្បីប្រឆាំងនឹងគ្រោង CLV ក្រោមលេសថា កិច្ចព្រមព្រៀងនេះបានធ្វើអោយខ្មែរបានបាត់បង់ទឹកដី៤ខេត្ត ទៅវៀតណាម ដើម្បីដុតកំហឹងប្រជាពលរដ្ឋខ្មែរ អោយមកចូលរួមកម្លាំង។
ក្រុមប្រឆាំងនេះបានចាប់ផ្តើមធ្វើសកម្មភាព ដោយបង្កើតគ្រុប បណ្តាញសង្គមតេឡេក្រាម ប្រមូលយុវជននៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី ធ្វើបាតុកម្មកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយគ្មានក្បាលដឹកនាំច្បាស់លាស់ និងគ្មានរចនាសម្ព័ន្ធត្រឹមត្រូវនោះទេ។
បន្ទាប់មកក្រុមនេះ បានដាក់ផែនការធ្វើបាតុកម្មនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយបុគ្គលឈ្មោះ ហៃ វណ្ណា បានប្រកាសនៅតាមគ្រុបបណ្តាញសង្គមតេឡេក្រាម ដោយអំពាវនាវ អោយអ្នកគាំទ្រក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតអោយសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ ។
បុគ្គលនេះថែមទាំងប្រកាសថា «បើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ» ។ នេះបង្ហាញអោយឃើញថា បាតុកម្មនេះ មានចរិកហិង្សា ក្នុងគោលដៅបំផ្លាញសង្គមកម្ពុជា ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែសីហា សមត្ថកិច្ចចាប់បានភស្តុតាងមួយចំនួនជាសក្ខីភាព។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ឆែកឆេរ និង ឃាត់ខ្លួនសមាជិកសកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ ដែលក្នុងនោះស្រី្ត២នាក់ ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារៈវត្ថុតាងមួយចំនួនមាន ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូ និងគ្រាប់ឃ្លីដែក សម្រាប់មកធ្វើបាតុកម្ម។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រង របស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។