លោកបណ្ឌិត ទូច វណ្ណៈ បង្ហាញអារម្មណ៍របស់ខ្លួន ចំពោះការដកខ្លួនរបស់ក្លិបបាល់ទាត់ វិសាខា ពីពានរង្វាន់នានាដែលនៅសេសសល់ក្នុងរដូវកាល ២០២៣-២៤
ចាន់ បញ្ញា - ១១ មីនា ២០២៤
image

ភ្នំពេញ ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានបង្ហាញអារម្មណ៍របស់ខ្លួន ចំពោះការដកខ្លួនរបស់ក្លិបបាល់ទាត់ វិសាខា ពីពានរង្វាន់នានាដែលនៅសេសសល់ក្នុងរដូវកាល ២០២៣-២៤ តាមផេកផ្លូវការរបស់លោក នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ “ក្លិបបាល់ទាត់ វិសាខាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន ៣ សម័យកាល បានប្រកាសដកខ្លួនចេញពីគ្រប់ពានរង្វាន់ដែលនៅសេសសល់ក្នុងរដូវកាលឆ្នាំ ២០២៣-២៤ នេះ ក្នុងនោះមានពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុនCambodian Premier League (លីគ ទី១ និង លីគ ទី២) និងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមការជូនដំណឹងតាមផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ក្លិបវិសាខា បានបង្ហាញពីភាពចាស់ទុំ និងប្រកដប្រជារបស់ខ្លួនក្នុងនាមជាក្រុមអាជីពមួយដោយមិនវាយ ប្រហារទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលជាសាធារណៈ ឬលើបណ្តាញសង្គមឱ្យតែបានលឺតែសម្លេងនោះឡើយ ពោលគឺក្លិបវិសាខាបានស្នើសុំតាមបែបបទរដ្ឋបាលត្រឹមត្រូវដើម្បីបញ្ជាក់ពីភាពច្បាស់លាស់នៅត្រង់ចំណុចនាទីទី១៨ នៃប្រកួតជើងទី១ ក្នុងពានរង្វាន់សម្តេច តេជោ ហ៊ុន សែន រដូវកាលឆ្នាំ ២០២៣-២៤ នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លើទីលាន កីឡដ្ឋានព្រីនស៍។

រឿងពិតមិនអាចប្រកែកបាននោះក្លិបបាល់ទាត់វិសាខា បានចូលរួមចំណែកជាមួយប្រទេសកម្ពុជា ក្នុងឆាក អន្តរជាតិជាច្រើនលើកច្រើនសារទាំងដោយប្រយោល និងផ្ទាល់។ ក្រុមវិសាខា តែងតែបញ្ជូនកីឡាករកីឡា ការិនីទៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា តាមរយៈការកោះហៅពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលប្រមូលផ្ដុំប្រកួតលើឆាកអន្តរជាតិម្តងៗ។ ដោយឡែកកីឡដ្ឋានព្រីនស៍របស់ក្លិបវិសាខាធ្លាប់ រួម ចំណែកទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងឯកយុវជនតំបន់អាស៊ាន (U23) និងពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ ២០២៣ កន្លងទៅផងដែរ។

ក្នុងនាមជាក្រុមថ្មីថ្មោងវិសាខា ធ្លាប់ឈរជាក្រុមជើងឯករងពានរង្វាន់លីគកំពូលកម្ពុជា ២សម័យកាល  គឺ នៅ ឆ្នាំ ២០១៩ និង ២០២២ ខណៈជាក្រុមឈ្នះជើងឯកពានរង្វាន់សម្តេច តេជោ ហ៊ុន សែន ៣សម័យកាល ជាប់ៗគ្នា គឺនៅឆ្នាំ ២០២០, ២០២១, ២០២២ ព្រមទាំងធ្លាប់រងជើងឯកពានរង្វាន់ Cambodian Super Cup នៅឆ្នាំ ២០២២ និង២០២៣ និង រងជើងឯកពានរង្វាន់ Cambodian League Cup ឆ្នាំ ២០២២ ទៀតផង។

លើសពីនេះទៅទៀតក្រុមវិសាខាធ្លាប់តំណាងឱ្យកម្ពុជាចូលប្រកួតពានរង្វាន់ទ្វីបអាស៊ី AFC Cup នៅឆ្នាំ ២០២២ កន្លងទៅតែនៅឆ្នាំ ២០២១ ក្រុមនេះក៏ជាបេក្ខភាពដែលត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី រំសាយ ដោយសារតែស្ថានភាពរីករាលដាលនៃជំងឺ កូវីដ-១៩។ 

ទោះបីក្លិបវិសាខា បានសាងស្នាដៃជាច្រើនទាំងក្នុង និងក្រៅប្រទេសក្តីក៏ក្លិបនេះនៅមិនបញ្ចប់ការខិតខំប្រឹងប្រែងរបស់ខ្លួនត្រឹមការកសាងពហុកីឡដ្ឋានទំនើប បណ្តុះយុវជនគ្រប់កម្រិត និងក្រុម នារីបណ្តុះបណ្តាលធនធានគ្រូបង្វឹកនោះទេ ជាងនេះទៅទៀតក្លិបកំពុងតែដំណើរការសាងសង់មជ្ឍមណ្ឌល Visakha Dream ដែលជាកន្លែងចាំបាច់សម្រាប់ក្លិបបាល់ទាត់អាជីព និងមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។

ជាការកត់សម្គាល់ បន្ទាប់ពីក្លិបបាល់ទាត់ វិសាខាប្រកាសដកខ្លួនក្នុងពានរង្វាន់នានាដែលនៅសេសសល់ ក៏ឃើញមាន ការលើកទឹកចិត្ត និងសម្តែងការសោកស្តាយពីបណ្តាអ្នកគាំទ្រ ក៏ដូចជាថ្នាក់ ដឹកនាំ របស់ក្លិប បាល់ទាត់មួយចំនួនចំពោះការដកខ្លួនរបស់ក្លិបដ៏ធំនេះ។ ជាមួយគ្នានោះក៏មានអ្នក ចំអកពេបជ្រាយ ទាំង មិនបានដឹង និងយល់ពីស្ថានភាពពិតប្រាកដរុញឱ្យស្ថានការណ៍កាន់តែតានតឹងឡើងផងដែរ។

ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំយល់ពីអារម្មណ៍របស់លោកជំទាវ កែ សួនសុភី ប្រធាន ក្លិបបាល់ទាត់  វិសាខា ចំពោះការសម្រេចចិត្តដ៏លំបាកមួយនេះ ហើយខ្ញុំក៏យល់ពីការបកស្រាយរបស់ កញ្ញា អ៊ូ បញ្ញាសុកិត្យា ដែលបានលើកឡើងជុំវិញពាក្យថា «ទឹកចិត្ត អ្នក កីឡា» ក្នុងគ្រាដែលអ្នកធ្វើខុសតែអ្នកមិនធ្វើសប្បាយ មើលទាំងគ្មានការចំណេញត្រឡប់មកវិញ។ ក្នុងនោះក៏សូម អរគុណដល់លោក ហុក សុចិត្រា បានចេញ មុខកាន់ជើងកីឡាករដែលមានការចោទប្រកាន់បង្វែរស្ថានការណ៍។

ក្នុងនាមជាអ្នកស្រលាញ់ចូលចិត្តកីឡាជាតិម្នាក់ ខ្ញុំសូមឱ្យអ្នកគាំទ្រពិតប្រាកដ រង់ចាំព័ត៌មានបន្ថែមថ្មីៗពីក្លិប ជាបន្តបន្ទាប់”៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣