ភ្នំពេញ៖ ក្នុងរយៈពេលពីរខែចុងក្រោយនេះ កំឡុងខែធ្នូនិងខែមករា មានមន្ត្រីនគរបាលយ៉ាងហោចណាស់ជាង៣០នាក់ ត្រូវបានដកចេញពីក្របខណ្ឌ និងទម្លាក់តួនាទី។ អ្នកទាំងជាង៣០នាក់នេះ ជាមន្ត្រីស្ថិតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។ តាមប្រកាសរបស់ក្រសួងមហាផ្ទៃដែលចេញផ្សាយជាបន្តបន្ទាប់ ការបណ្ដេញមន្ត្រីទាំងនេះដោយសារតែពួកគេល្មើសវិន័យការងារ និងមានជាប់ពាក់ព័ន្ធគ្រឿងញៀន។
មន្ត្រីទាំងជាង៣០នាក់ នោះរួមមាន មន្ត្រីនគរបាលចំនួន ១១រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំណុះឲ្យស្នងការដ្ឋាននគរបាលជាតិ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ និងបានដកហូតមុខតំណែង ឋានន្តរស័ក្ដិ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយសារតែល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ បន្ថែមពីលើនេះទៀតមន្ត្រីនគរបាលទាំង ១១រូបនេះ ក៏ត្រូវបានកាត់ផ្ដាច់ប្រាក់បៀវត្ស និងប្រាក់របបឧបត្ថម្ភផ្សេងៗចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ។
នៅអំឡុងខែធ្នូ ឆ្នាំ២០២៣ ដែរ លោក គឹម ជាតិ បានរបូតតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ការបញ្ចប់មុខតំណែងរបស់លោក គឹម ជាតិ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ១០ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យឃ្លាំងស្រាមួយកន្លែងកាលពីខែវិច្ឆិកា ជាថ្នូរមិនបិទផ្អាកអាជីវកម្ម។
ចំណែកកាលពីថ្ងៃទី៣ មករា លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ត្រូវបានដកហូតមុខតំណែងពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឲ្យមកជាមន្ត្រីនិងបន្ថយឋានន្តរស័ក្ដិចំនួន១ថ្នាក់មកនៅត្រឹមថ្នាក់វរសេនីយ៍ត្រីដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងថ្ងៃទី៣ មករាដដែល លោកវរសេនីយ៍ទោ សោម សុថារ័ត្ន ត្រូវបានដកហូតមុខតំណែងពីអធិការរងនគរបាលខណ្ឌជ្រោយចង្វារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្ដិចំនួន១ថ្នាក់មកនៅត្រឹមថ្នាក់វរសេនីយ៍ត្រីដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
នៅថ្ងៃទី៣ មករា ថ្មីៗនេះដែរ មន្ត្រីនគរបាលចំនួន ១២រូបទៀត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវដកហូតមុខតំណែង និងឋានន្តរស័ក្ដិព្រមទាំងបណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីនគរបាលជាតិដោយសារហេតុផលល្មើសវិន័យការងារ។ អ្នកទាំង១២រូបនេះ ត្រូវបានកាត់ផ្ដាច់ប្រាក់បៀវត្ស និងប្រាក់របបឧបត្ថម្ភផ្សេងៗចាប់ពីឆ្នាំ២០២៤។
រំលងបានពីរថ្ងៃ ពោលនៅថ្ងៃទី៥ ខែមករា នគរបាល ៥រូបទៀត ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបន្ថយ និងដកហូតឋានន្តរស័ក្ដិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងមហាផ្ទៃតាមសំណើរបស់ សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។
គួរជម្រាបជូនថា ដំណើរការដកហូតមន្ត្រីពីក្របខណ្ឌជាបន្តបន្ទាប់ក្រោមហេតុផលល្មើសវិន័យការងារធ្វើឡើង បន្ទាប់ពីសម្តេចបវរធិបតីហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ ហើយមន្រ្ដីដែលពាក់ព័ន្ធ គឺត្រូវតែបណ្ដេញចេញពីក្របខណ្ឌ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឲ្យដឹងថា អគ្គស្នងកាដ្ឋាននគរបាលជាតិ បានបញ្ចប់យុទ្ធនាការតេស្តរកសារធាតុញៀនលើកងកម្លាំងរបស់ខ្លួនយ៉ាងជោគជ័យ និងថាភាពជោគជ័យនេះស្ដែងឡើងតាមរយៈការរកឃើញ និងត្រូវបណ្ដេញចេញពីក្របខណ្ឌជាបន្តបន្ទាប់៕