សមាជិកសភាអាមេរិក​ ខ្វែង​គំនិត​គ្នា ចំពោះការ​ផ្តល់​ជំនួយ​ជួយ​អ៊ុយក្រែន
សុវណ្ណរ័ត្ន - ០៧ ធ្នូ ២០២៣
image

អន្តរជាតិ៖ តាម​គម្រោង​ថ្ងៃពុធ ទី​៦ ខែធ្នូ នេះ សភាអាមេរិក​ត្រូវ​អនុម័ត​ផ្តល់​ជំនួយ​ផ្នែក​យោធា មនុស្សធម៌ និងសេដ្ឋកិច្ចដល់​អ៊ុយក្រែន ប៉ុន្តែ​១ថ្ងៃ​មុន គឺថ្ងៃអង្គារ ទី​៥ធ្នូ ​សមាជិកសភាគណបក្សប្រជាធិបតេយ្យ និង​គណ​បក្ស​សាធារណ​រដ្ឋ បាន​ទាស់ទែង​ខ្វែង​គំនិតគ្នា ហើយសមាជិកសភាបក្សសាធារណរដ្ឋ ដើរចេញពីអង្គប្រជុំ។ ក្នុង​អង្គប្រជុំនៅនាទី​ចុងក្រោយ​ទៅហើយ​ លោក Chuk Schumer ប្រធាន​ក្រុមសមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យប្រចាំនៅ​​ព្រឹទ្ធសភា បាន​ប្រកាស​ ថា​ «ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពុំ​អាច​ថ្លែងសុន្ទរកថាខ្លីតាមវីដេអូ នៅចំពោះមុខសភាអាមេរិក​បានទេ ព្រោះ​មាន​ស្ថានការណ៍​វិវឌ្ឍថ្មី»​។

សហរដ្ឋអាមេរិក​ ជា​ម្ចាស់​ជំនួយធំជាង​គេដល់​អ៊ុយក្រែន តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លានពានរបស់​​រុស្ស៊ី នាខែកុម្ភៈ ២០២២។ ថ្ងៃទី​២២ ​ខែ​តុលា កន្លងទៅនេះ ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​ លោក ចូ បៃដិន​ បាន​សន្យាផ្តល់​ជំនួយ​ ជាង ​៦១ ពាន់​លានដុល្លារ​ បន្ថែមទៀត សម្រាប់​អ៊ុយក្រែន ហើយ​និង​ ប្រមាណ​ ១៤ ពាន់​លាន សម្រាប់​ជួយ​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ​របស់ខ្លួន​។

ប្រធានរដ្ឋ​សភាអាមេរិក ​ Mike Johnson មកពី​បក្ស​សាធារណរដ្ឋ បាន​យក​កញ្ចាប់​​​ជំនួយ​ជួយ​អ៊ុយក្រែន ជាចំណាំថ្នូរ ប្តូរ​នឹង​ការផ្លាស់​​ប្តូរ​នយោបាយ​គ្រប់​គ្រងជន​ភៀសខ្លួន​របស់​លោក ចូ បៃដិន។  លោក Mike Johnson ថ្លែងថា​ «ការ​ផ្ទេរ​ជំនួយ​នេះ ជាប់​ទាក់ទងនឹង​ការ​កែប្រែ​នយោបាយ​យ៉ាង​ស៊ីជម្រៅ​អំពី​ជន​ភៀសខ្លួន»។​ ពិសេស​ជនអន្តោប្រវេសន៍​មកពីព្រំដែន​ម៉ិចស៊ិក។​

ទង្វើ​រាំងស្ទះពីសំណាក់​គណបក្ស​សាធារណរដ្ឋ បាន​ធ្វើឲ្យ​ព្រឹទ្ធសមាជិកបក្ស​ប្រជាធិបតេយ្យ លោក Chris Murphy ខឹងសម្បារ និង​ថា «ពួក​គេ​នេះ​កកូរកកាយរារាំង​កញ្ចប់ជំនួយ​ជួយ​ដល់​អ៊ុយក្រែន គឺ​ហាក់​ដូច​ជា​ជ្រើសរើស​ផ្លូវ​ឲ្យលោក ពូទីន ឈ្នះសង្គ្រាម ដើរលើទី​​ក្រុង​ក្រៀវ និង​ជាន់​លើ ​អឺរ៉ុប​ ហើយ»។

ដូចគ្នា​នេះដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ទម្លាក់​កំហុស និងស្តីបន្ទោស​ជា​ខ្លាំង ចំពោះ​សមាជិក​ភាអាមេរិក ​​មកពី​បក្សសាធារណរដ្ឋ។ លោក ចូ បៃដិន ក៏លើកឡើងថា «ការ​បង្ហាញ​ពីអសមត្ថភាព​ជួយ​អ៊ុយក្រែន គឺ​ជារឿង​ល្ងង់ខ្លៅ ហើយ​ផ្ទុយ​ពី​ផលប្រយោជន៍​អាមេរិក ហើយនេះជា​កំហុស​ធំ​»។​

សេតវិមាន​ប្រធានាធិបតីអាមេរិក តាមរយៈ​នាយិកា​ហិរញ្ញវត្ថុ Shalanda Young បាន​ទាញ​សញ្ញាណ​អាសន្ន​ថា «ពីពេល​នេះដល់​ដាច់​ឆ្នាំ ប្រសិន​បើ​សភា​អាមេរិក ​មិនព្រម​អនុម័ត​កញ្ចប់​ជំនួយ​ថ្មីទេ នោះ​យើង​នឹង​អស់អាវុធ និងគ្រឿងបរិក្ខារយោធា​ក្នុង​ស្តុក​ដែលទុក​សម្រាប់​​ត្រូវ​បញ្ចូន​ទៅ​ឲ្យ​អ៊ុយក្រែន​ហើយ»។​

ទន្ទឹម​នឹង​គ្នា​នេះ​ លោក Andriy Yermak នាយកខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​ បានប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VoA ថា «ការ​ពន្យារ​ពេល​​ផ្តល់ជំនួយ គឺ​ធ្វើ​ឲ្យ​កម្លាំង​​ប្រយុទ្ធ​វាយបក​របស់​អ៊ុយក្រែន ទៅមុខ​លែង​រួច ហើយ​និង​បង្កហានិយភ័យធំ​ដល់ការ​ចាញ់​សង្គ្រាម​ទៀត​ផង»៕​

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣