នៅក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមកនេះ ប្រមុខរដ្ឋាភិបាលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជាទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិ។
ការបង្ហាញទស្សនវិស័យនេះ បានធ្វើឡើងបន្ទាប់ពីលទ្ធផលក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ បទល្មើសគ្រឿងញៀនជាច្រើនពាន់ករណីត្រូវបានបង្ក្រាបចាប់បានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំ ជាច្រើនតោនត្រូវបានចាប់យក ហើយជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
ជាក់ស្តែងលទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសពាក់ព័ន្ធគ្រឿងញៀនចំនួន៨៦៤៩ករណី ឃាត់ខ្លួន២១៦៧៧នាក់ ក្នុងនោះស្រី១៦៨៨នាក់។
លទ្ធផលនេះបានកើតឡើងក្រោយពេលរដ្ឋាភិបាលបានកែទម្រង់ក្បាលស៊ីនដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានសមាសភាពឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប និងលើកគោលការណ៍«សម្អាតផ្ទះយើង» និង «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»។
ក្នុងរយៈពេល ៥ខែពីខែកុម្ភៈដល់ខែកក្កដាឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើតេស្តរហ័សរកសារធាតុញៀនលើមន្ត្រីរាជការដោយ៩៧នាក់រកឃើញមានសារធាតុញៀន ក្នុងនោះ មាន ៨៩នាក់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ខណៈ៧នាក់កំពុងបន្តតាមនិតិវិធី និងម្នាក់ទៀតកំពុងស្ថិតក្រោមការតាមដាន។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានស្នើអោយអ្នកសារព័ត៌មាន សិល្បករ សិល្បការិនីទាំងអស់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នានាជួយផលិតអត្ថបទនិងបញ្ជូនសារអប់រំនានាជូនដល់សាធារណជនអំពីគ្រោះថ្នាក់របស់គ្រឿងញៀន និងវិធីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃបញ្ហាគ្រឿងញៀន។
លើសពីនេះទៅទៀតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសហការគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងវប្បធម៌ ក្រសួងធម្មការនិងសាសនា និងក្រសួងទេសចរណ៍ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់របស់គ្រឿងញៀន អោយបានទូលំទូលាយនៅតាមសាលារៀន វត្តអារាម ឆាកសិល្បៈកម្សាន្ត កីឡា និងវេទិកានានា។
សូមបញ្ជាក់ថាគ្រឿងញៀនខុសច្បាប់មានឥទ្ធិពលខ្លាំងភ្លាមៗទៅលើ រាងកាយ និងចិត្តរបស់អ្នកប្រើប្រាស់ ដោយមិនអាចគ្រប់គ្រងបាន ដូចជាទៅប្រព្រឹត្តិអំពើហិង្សាឬសម្លាប់ខ្លួនជាដើម។ អ្នកប្រើប្រាស់គ្រឿងញៀនប្រឈមមុខទ្រុឌទ្រោម បាក់កម្លាំងបាត់បង់ការងារ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរ។ ចំពោះសង្គមជាតិវិញ ធ្វើអោបាត់បង់ធនធានមនុស្ស បង្កើតអោយមានចោរកម្ម ចោរប្លន់ និងបទឧក្រិដ្ឋ. សកម្មភាពក្មេងពាល ការជួញដូរភេទ ជួញដូរមនុស្ស អំពើរំលោភផ្លូវភេទជាដើម។
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប៉ាន់ប្រមាណថា បច្ចុប្បន្នមានយុវជនជាង២ ម៉ឺន ទៅ៣ម៉ឺននាក់ បាននិងកំពុងរងឥទ្ធិពលពីគ្រឿងញៀន ដែលភាគច្រើន កើតឡើងដោយមូលហេតុមួយចំនួនដូចជា ចង់សាក ចាញ់បោក ចាប់បង្ខំ និងតម្លៃថោកនៃគ្រឿងញៀន ។
ការព្យាបាលបន្សាបគ្រឿងញៀន នៅកម្ពុជាធ្វើឡើងនៅតាមសហគមន៍ដែលមានមណ្ឌល សុខភាព មន្ទីរពេទ្យ បង្អែកខេត្ត ក៏ដូចជា មន្ទីរពេទ្យជាតិ ព្រមទាំងការព្យាបាលនៅ តាមមជ្ឈមណ្ឌលចំនួន ១៥ ដែលរួម មាន មណ្ឌលគ្រប់គ្រងដោយរដ្ឋមាន ចំនួន៨មណ្ឌល គ្រប់គ្រងដោយឯកជន ចំនួន ៧ និង មណ្ឌលបន្សាបគ្រឿងញៀន របស់អង្គការក្រៅរដ្ឋាភិបាល ចំនួន ២។
យ៉ាងណាក៏ដោយមិនមានរបាយការណ៍ផ្លូវការអំពីស្ថិតិអ្នកកំពុងស្ថិតនៅក្នុងការព្យាបាលបន្សាបគ្រឿងញៀននៅឡើយទេ៕