មូលនិធិ Nippon វាយតម្លៃខ្ពស់លើភាពជោគជ័យរបស់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសអវៈយវៈសិប្បនិម្មិត និងរណបក្នុងការស្តារនិតីសម្បទា
ជីវ័ន្ត - ០៧ សីហា ២០២៤
image

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation)។

ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជារយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិមូលនិធិ Nippon បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសអវៈយវៈសិប្បនិម្មិត និងរណបក្នុងការស្តារនិតីសម្បទា ជាពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារពាក់ព័ន្ធ ដែលបានជួយគាំទ្រគម្រោងរបស់ Nippon Foundation កន្លងមក ជាពិសេសគឺ បានសហការផ្តល់ឱកាសដល់និសិ្សតភូមាបានមកបន្តការសិក្សានៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចគម្រោងរបស់ Nippon Foundation នាឆ្នាំ២០២២ កន្លងទៅនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយដែលបានចូលរួមចំណែក ជួយគាំទ្រគម្រោងរបស់ Nippon Foundation ក្នុងការផ្ទេរនិសិ្សតភូមាមកបន្តការសិក្សា ផ្នែកឧបករណ៍សិប្បនិម្មិត និងរណបនៅកម្ពុជា។ ការគាំទ្រ និងលើកកម្ពស់ឱកាសសិក្សារបស់សិស្សានុសិស្ស គឺជាអាទិភាពស្នូលមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងមានក្ដីសោមនស្សរីករាយដែលឃើញពីផលជះវិជ្ជមាននៃគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្ឃឹមថានឹងអាចរក្សានូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដើម្បីបន្តជួយគាំទ្រ និងលើកកម្ពស់ឱកាសសិក្សាសម្រាប់សិស្សានុសិស្សបន្ថែមទៀត។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះThe Nippon Foundation ដែលបានរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជានាពេលកន្លងមក និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដូចជា ការកសាងសាលារៀន ផ្តល់អាហារូបករណ៍ដល់សិស្សជាង ២៥០០នាក់ និងការអភិវឌ្ឍសៀវភៅសិក្សាភាសាអង់គ្លេស ដែលត្រូវបានប្រើប្រាស់តាមសាលារៀនទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា មូលនិធិ Nippon បានជួយគាំទ្រប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ ការថែទាំសុខភាព ពិការភាព និងផ្តល់នូវជំនួយមនុស្សធម៌ ដែលបានផ្តល់ឱកាសដល់ជនពិការភាព អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញបាន៕ 

ប្រភព៖ ក្រសួងព័ត៌មាន

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣