រដ្ឋមន្ដ្រីក្រសួង ៣ស្ថាប័ន រួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាលើកដំបូង ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
THY CHOM - ០៦ ឧសភា ២០២៤
image

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំពិភាក្សានេះ រៀបចំធ្វើជាលើកដំបូង នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ដ្រីជំនាញនៃក្រសួងទាំង៣ ដើម្បីឈ្វេងយល់អំពីសក្ដានុពល និងតម្រូវការ នៅក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។

នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញនៃក្រសួងទាំង៣ បានធ្វើបទបង្ហាញអំពីវិស័យរបស់ខ្លួន ដោយផ្ដោតសំខាន់លើធនធាន និងរចនាសម្ព័ន្ធដែលមានស្រាប់ គម្រោងដែលកំពុងអនុវត្ត ព្រមទាំងគម្រោងដែលគ្រោងនឹងអនុវត្តនាពេលអនាគត។ បទបង្ហាញពីសំណាក់មន្ដ្រីជំនាញនៃក្រសួងទាំង៣ បានផ្ដល់ឱកាសឱ្យអង្គប្រជុំជជែកពិភាក្សា ដើម្បីយល់ពីគ្នាបានកាន់តែច្បាស់ និងឈានទៅធ្វើការរួមគ្នា ក្នុងការប្រើប្រាស់ធនធានដែលមានទាំងអស់ឱ្យចំគោលដៅ អស់ពីលទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាលទ្ធផល ឯកឧត្តមរដ្ឋមន្ដ្រីនៃក្រសួងទាំង៣ បានព្រមព្រៀងគ្នាជាគោលការណ៍ និងបានដាក់ចេញនូវចំណុច សំខាន់ចំនួន ៤ រួមមាន៖

១. កំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ក្រសួងទាំង ៣ ហើយដាក់ធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។

២. ប្រឹក្សាយោបល់ជាមួយគ្នា តាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ និងជាប់លាប់ ដើម្បីបង្ការ និង ទម្លុះនូវភាពរាំងស្ទះទាំងឡាយ ហើយឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

៣. ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយ ដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង ៣ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍ប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានអត្ថប្រយោជន៍ជា អតិបរមា។

៤. ឯកភាពជាគោលការណ៍ បង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យការងាររវាងក្រសួងទាំង ៣ មានភាពស៊ីចង្វាក់គ្នា ធ្វើការជាមួយគ្នាដោយតម្កល់ប្រយោជន៍ជាតិជាធំ ជួយលើកកម្ពស់ជីវភាពប្រជាជនឱ្យមានបាន មានផលចំណេញដល់កសិករ មានផ្លូវដង្ហើមសេដ្ឋកិច្ច មានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣