កម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា និងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ បងប្អូនកម្មករ និយោជិតនៃសភាសម្ព័ន្ធសហជីពកម្ពុជា (NACC)
ធី ជុំ - ០២ ឧសភា ២០២៤
image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤​ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” និងអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ បងប្អូនកម្មករ និយោជិត ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ឯកឧត្តម វង្ស បូរិទ្ធ អគ្គលេខាធិការ នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឡើងអានរបាយការណ៍ ស្តីអំពីសកម្មភាព និងលទ្ធផលនានា របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សម្រេចបាន គួរជាទីកត់សម្គាល់ រួមមានដូចជា ការពង្រឹង និងពង្រីកសមាសភាពសមាជិក នៅតាមបណ្តារាជធានី/ខេត្ត សរុបមានចំនួន ២៩៣,៥៧៧នាក់ , កសាង ឬចងក្រងសមាជិក សាខានៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម វិស័យទេសចរណ៍ វិស័យអប់រំ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យស្បៀង វិស័យកសិកម្ម ទេសន្តប្រវេសន៍, ទប់ស្កាត់កូដកម្ម និងបាតុកម្មទាំងឡាយណាដែលមានចរិកផ្ទុយ និងគោលការណ៍ច្បាប់ជាតិ, ពង្រឹងនូវគោលនយោបាយ និងសាមគ្គីភាពផ្ទៃក្នុង ដល់សមាជិក, បើកវគ្គបណ្តុះបណ្តាលសមត្ថភាពជាអ្នកដឹកនាំ ដល់ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋាន, ចូលរួមការងារសង្គម និងការងារមនុស្សធម៌ក្នុងនាម សសយក-NACC, គោលនយោបាយឧបត្ថម្ភ ជួយដល់សមាជិកពេលមានទុក្ខលំបាក និងពេលជួបឧបត្តិវហេតុនានា, ធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ។

ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ NACC បានរៀបចំកម្មវិធីអាហារសាមគ្គី ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

ឯកឧត្តមបញ្ជាក់ទៀតថា៖ កាលពីឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសកំណត់អំពីគោលការណ៍នៃការប្រឡងប្រណាំង ដណ្តើមពានរង្វាន់ សហគ្រាសសុខសាន្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌ អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ តាមរយៈការរៀបចំយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នៅទូទាំងប្រទេស ដោយការវាយតម្លៃ ត្រូវរៀបចំឡើងដោយគណៈកម្មការវាយតម្លៃមួយ ស្របតាមបែបបទ និងនីតិវិធី ដែលកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក-លោកស្រី ក្នុងការចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមក្នុងកម្មវិធីនេះ និងសូមថ្លែងអំណរគុណឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានឧបត្ថម្ភថវិកាសម្រាប់រៀបចំកម្មវិធីជួបជុំនេះ។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព និងបងប្អូនសមាជិក-សមាជិកា សហព័ន្ធសហជីព ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធីខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ និងសារៈប្រយោជន៍របស់បងប្អូនកម្មករ និយោជិត កម្ពុជា នៅទូទាំងប្រទេស។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា៖ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ អាចធ្វើទៅបានលុះត្រាតែមានភាគីពាក់ព័ន្ធសំខាន់មួយចំនួនរួមមាន ភាគីនិយោជក ភាគីកម្មករ និយោជិត ភាគីរដ្ឋាភិបាល និងភាគីសហជីពដែលតំណាងឲ្យកម្មករ និយោជិត ។ ក្នុងចំណោមភាគីទាំងអស់នេះ បើមានភាគីណាមួយមិនចូលរួមសហការល្អជាមួយនោះ សហគ្រាសនោះនឹងមិនមានភាពសុខសាន្តទៅបានឡើយ។ ឯកឧត្តមបញ្ជាក់បន្ថែមថា សហជីពគឺជាតួអង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែកបង្កើតឲ្យមានសហគមន៍សុខសាន្ត។ ដូច្នេះសហជីពទាំងអស់ត្រូវតែខិតខំយកចិត្តទុកដាក់ និងចងក្រងបង្កើតសហជីពមូលដ្ឋានឲ្យបានច្រើន , ត្រូវចេះរួមសហការគ្នាឲ្យបានល្អ, ត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួន រួមទាំងចំណេះដឹង ជំនាញដើម្បីរត់ឲ្យទាន់សម័យទំនើបកម្មបច្ចេកវិទ្យា ហើយជាពិសេសថ្នាក់ដឹកនាំសហជីពទាំងអស់ត្រូវអនុឡោមតាមច្បាប់នានារបស់កម្ពុជា ។

ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងការងារ សូមថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក-លោកស្រី នៅក្នុងឱកាសនេះ និងសូមគោរពជូនពរ ជួបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣